(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះ ហើយត្រូវបានមហាជនទទួលស្គាល់ថា ជាតារាបង្ហាញម៉ូដមានស្បែកសម្បុរពណ៌ទឹកឃ្មុំ កញ្ញា ប្រាសាទ ដាវីន ក្រោយពីបាត់ដំណឹងស្ទើរសូន្យឈឹង ពីវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជារួចមក ថ្មីៗនេះទស្សនិកជន បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីស្ងាត់ៗស្រាប់តែនាងទម្លាយរូបថត មានលក្ខណៈពពោះកូនក្នុងផ្ទៃរួចទៅហើយ ទាំងដែលកន្លងមកមហាជន មិនដែលទទួលបានដំណឹង ពីពិធីមង្គលការរបស់នាងទាស់តែសោះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ប្រាសាទ ដាវីន នៅពេលនេះបានបង្ហាញរូបភាពមានផ្ទៃពោះគួរឲ្យចាប់អារម្មណ៍ ភ្ជាប់ជាមួយសារខ្លីបញ្ជាក់អាយុកាលនៃគភ៌របស់នាងថា មកដល់ពេលនេះទារកក្នុងផ្ទៃមានអាយុ ៣៩សប្ដាហ៍ហើយ។ ប៉ុន្តែប្រាសាទ ដាវីន មិនបានឲ្យដឹងឡើយថា ជាទារកប្រុស ឬស្រីឡើយ។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់ នាងភ្ញាក់ ផ្អើលដោយសារតែកន្លងមក ពួកគេមិនដឹងថា ដាវីន មានគ្រួសារហើយនោះទេ។ យ៉ាងណាមិញពួកគេបានចូលមកជួយ អបអរតារាស្រីរូបនេះរៀងៗខ្លួន។

មានការកត់សម្គាល់ឃើញថា មាន សិល្បការិនី ខ្មែរ ជា ច្រើន នាក់មកហើយ នៅក្នុងឆ្នាំ២០២០នេះ បាន បង្ហាញរូបពពោះ កូនដំបូងរបស់ខ្លួនដោយ នៅក្នុងនោះតារាម៉ូដែលខ្ពស់ស្រឡះ ប្រាសាទ ដាវីន ក៏ជាតារាល្បីម្នាក់នៅក្នុងចំណោមនោះដែរ។ តាមរយៈរូបខ្លះស្ថិតនៅក្នុងស៊េរីតែមួយ គេបានឃើញបុរសជនជាតិបរទេសម្នាក់ឈរថតជាមួយ ប្រសាទ ដាវីន ដែលគេសង្ស័យថាបុរសម្នាក់នោះ ទំនងជាឪពុករបស់ទារកក្នុងផ្ទៃរបស់ ប្រាសាទ ដាវីន នោះហើយ។ ក្រៅពី ប្រាសាទ ដាវីន អ្នកសិល្បៈខ្មែរ ផ្សេងដូចជា សួស វីហ្សា, ម៉ាក សែន សូនីតា និង តារាសម្ដែង ជា ម៉ារី ជាដើមក៏បាននិង កំពុង ពពោះត្រៀមប្រសូត្របុត្រដំបូង សម្រាប់ជាចំណងដៃនៃទំនាក់ទំនងរបស់ពួកគេជាមួយស្វាមីផងដែរ ។

Fresh News Plus បានព្យាយាមទំនាក់ទំនង ទៅកាន់តារាសម្ដែង និងបង្ហាញម៉ូដ តាមរយៈសារឡេអិចត្រូនិច ដើម្បីឲ្យនាងបានបកស្រាយបញ្ជាក់ ចំពោះការទម្លាយរូបផ្ទៃពោះដ៏កម្រនេះ ឲ្យមហាជន និងអ្នកគាំទ្របានដឹងកាន់តែច្បាស់ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះឡើយ ខណៈដែលពេលនេះត្រូវបានគេដឹងថា នាងកំពុងរស់នៅជាមួយស្វាមី នៅក្នុងប្រទេសអូស្ត្រាលី។

គួររំឭកថា ប្រាសាទ ដេវីន គឺជាតារាសម្ដែង និងជាតារាម៉ូដែលស្រីមួយដួង មានទេពកោសល្យពិតពីធម្មជាតិ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ ដែលកម្រមាននារីណា មានសម្រស់ធម្មជាតិស្អាតដូចជារូបនាង។ តារារូបនេះ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀសខ្លួន ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។ យ៉ាងណាមិញ ទោះត្រូវឃ្លាតឆ្ងាយពីពិភពសិល្បៈមួយរយៈធំក៏ដោយ ប៉ុន្ដែកាលពីឆ្នាំ២០១៦ កន្លងទៅ គេក៏ឃើញ ប្រាសាទ ដេវីន មានវត្តមានក្នុងវិស័យសិល្បៈខ្មែរឡើងវិញ។

តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshie girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះនាងមានវ័យ១៧ឆ្នាំ និងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ កំពស់ ១,៧៥ ម៉ែត្រ៕