(លីស្បោន)៖ លោក Hans-Dieter Flick អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់ Bayern Munich និងលោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ Paris Saint-Germain សុទ្ធតែមានការជឿជាក់លើកូនក្រុមរបស់ពួកគេរៀងៗខ្លួន ថានឹងធ្វើបានល្អក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UEFA Champions League ថែមទៀតផង។

ថ្លែងក្នុងសន្និសីទព័ត៌មានមុនការប្រកួតមកដល់នារាត្រីថ្ងៃអាទិត្យនេះលោក Flick បានថ្លែងប្រាប់ BBC ថា «ក្រុម Bayern Munich បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់រដូវកាលដ៏គួរឲ្យចាប់អារម្មណ៍មួយតាមរយៈការឈ្នះពាន Champions League ឆ្នាំនេះ»

Bayern Munich ជាម្ចាស់ជើងឯកពានលីគកំពូល Bundesliga និងពានរង្វាន់លំដាប់ទី២ German Cup របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៩-២០ នេះ និងបានកំពុងឈានទៅរកការឈ្នះពានដល់ទៅ៣ ក្នុង១រដូវកាលពេលប៉ះក្រុម Paris St-Germain ដែលជាជើងឯករបស់បារាំងនៅវគ្គផ្តាច់ព្រ័ត្រ UCL នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នៅរាត្រីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ នេះ។

ក្រុមដែលមានរហស្សនាម «ខ្លារខិន» បានខកខានឈ្នះពាន Champions League ចាប់តាំងពីឈ្នះចុងក្រោយក្នុងឆ្នាំ២០១៣ មក។ លោក Flick បានដឹកនាំក្រុមឈ្នះទាំង ១០ប្រកួតក្នុងពានរង្វាន់ Champions League រដូវកាលនេះបាននិយាយថា «វា គឺជាការប្រកួតដ៏ពិសេសមួយ។ យើងបានបោះជំហានទៅមុខយ៉ាងធំទាក់ទងនឹងការអភិវឌ្ឍរបស់យើង ហើយក្រុមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្នះវាម្តងទៀត»

Bayern Munich មានកីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចសញ្ជាតិប៉ូឡូញ Robert Lewandowski ដែលរកបាន ១៥គ្រាប់ច្រើនជាងគេនៅ UCL រដូវកាលនេះ ចាញ់ខ្សែប្រយុទ្ធដូចគ្នា Cristiano Ronaldo តែ២គ្រាប់ប៉ុណ្ណោះដែលគេធ្វើបាន (CR7) កាលឆ្នាំ២០១៣-២០១៤ ក្នុងក្លិប Real Madrid។

ក្រឡេកមកមើល Paris Saint-Germain ដែលជាជើងឯក Ligue 1 របស់បារាំងរដូវកាលនេះវិញ ទើបតែឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូង ក្រោយក្លិបនេះត្រូវបានបង្កើតឡើងមានរយៈពេល ៥០ឆ្នាំមកនេះ ដែលបានក្លាយជាក្លិបរបស់បារាំងទី៥ ដែលបានឡើងដល់វគ្គ Final នៃពានអឺរ៉ុប ដែលមាន Marseille ដែលបានឈ្នះជើងឯក។

ស្របពេលដែលក្រុម Bayern Munich បានកំពុងតាមប្រមាញ់ជ័យជម្នះជាលើកទី៦ ក្នុងការប្រកួតនេះ PSG ក៏កំពុងតែសំឡឹងរកការឈ្នះពានរង្វាន់ Champions League ជាលើកដំបូងផងដែរ ដោយអ្នកចាត់ការទូទៅលោក Thomas Tuchel បានលើកឡើងផងថា «វាក្តីរំពឹងតិចតួចប៉ុណ្ណោះដែលថាក្រុម Bayern នឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ វាជាបញ្ហាប្រឈមធំបំផុតមួយ ប៉ុន្តែយើងក៏មានទំនុកចិត្តខ្ពស់ផងដែរ ដើម្បីសម្រេចកិច្ចការនេះ។ យើងមានអារម្មណ៍ថា ពួកយើងសមនឹងទទួលបានកន្លែងរបស់យើងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ក៏ព្រោះតែយើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធ»

កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ទាំងដែលរូបគេទើបមានវ័យ ១៩ឆ្នាំប៉ុណ្ណោះ ហើយគេសម្រេចចិត្តចាកចេញពីក្លិប Monaco មកចូលរួមជាមួយ Paris ក៏ព្រោះតែចង់ឈ្នះពាន UCL នេះជាលើកទី១ ទៀតដែរ។

Bayern Munich និង Paris Saint-Germain ធ្លាប់មានប្រវត្តិជួបគ្នា ៨ដង ក្នុងនោះ Paris ឈ្នះ៥ដង និង Bayern ឈ្នះតែ ៣ដងប៉ុណ្ណោះ មិនដែលស្មើ និងជួបគ្នាចុងក្រោយកាលឆ្នាំ២០១៨ ក្នុងពានរង្វាន់ International Champions Cup នៅសហរដ្ឋអាមេរិក Bayern បានយកឈ្នះ PSG ៣-១៕