(ភ្នំពេញ)៖ អ្នកគ្រូសាស្ត្រាចារ្យ ព្រីង សុខាន់ណារិទ្ធ ដែលជាគ្រូឯកទេសផ្នែករបាំព្រះរាជទ្រព្យ និងត្រូវជាកូនស្រីបង្កើតរបស់មរតកមនុស្សរស់ ព្រីង សាឃន បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២២ ខែសីហានេះ។ ដំណឹងមរណភាពរបស់អ្នកគ្រូ ព្រីង សុខាន់ណារិទ្ធ បានធ្វើឲ្យអ្នកសិល្បៈផ្នែករបាំបុរាណ ដែលធ្លាប់ទទួលការបង្ហាត់បង្រៀនពីអ្នកគ្រូសាស្ត្រាចារ្យជាច្រើន សម្តែងការសោកស្តាយជាពន់ពេក។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងបញ្ជាក់ Fresh News Plus នៅព្រឹកនេះឲ្យដឹងថា អ្នកគ្រូសាស្ត្រាចារ្យ ព្រីង សុខាន់ណារិទ្ធ ជាគ្រូឯកទេសផ្នែករបាំព្រះរាជទ្រព្យ ពិតជាបានទទួលមរណភាពប្រាកដមែន ដោយរោគាពាធ ដែលធ្វើឲ្យសិល្បករ-សិល្បការិនី និងសាច់ញាតិមានការសោកស្ដាយជាខ្លាំង ព្រោះបានបាត់បង់ធនធានសិល្បៈ ដ៏មានទេពកោសល្យម្នាក់ទៀតហើយ។

ដោយឡែក បើយោងតាមផេកវប្បធម៌ខ្មែរ ក៏បានបង្ហោះដំណឹងមរណភាពរបស់អ្នកគ្រូ ព្រី សុខាន់ណារិទ្ធ យ៉ាងដូច្នេះថា «ដំណឹងមរណភាព អ្នកគ្រូសាស្រ្តាចារ្យ ព្រីង សុខាន់ណារិទ្ធ គ្រូឯកទេសមួយរូបផ្នែករបាំព្រះរាជទ្រព្យ បានទទួលមរណភាពនាថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ដោយរោគាពាធ»

គួរបញ្ជាក់ថា អ្នកគ្រូសាស្ត្រាចារ្យ ព្រីង សុខាន់ណារិទ្ធ គ្រូឯកទេសរបាំព្រះរាជទ្រព្យ ជាកូនស្រីបង្កើតនៃលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលមរណភាព កាលថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

Fresh News Plus សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសព អ្នកគ្រូសាស្ត្រាចារ្យ ព្រីង សុខាន់ណារិទ្ធ និងសូមបួងសួងវិញ្ញាណក្ខន្ធ អ្នកគ្រូសាស្ត្រាចារ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕