(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវសារព័ត៌មានអាមេរិក Bloomberg រាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា បាននិងកំពុងព្យាយាមបញ្ជាក់ប្រាប់បណ្តាក្រុមហ៊ុនអាមេរិកទាំងឡាយ រួមមានទាំង Apple ផងដែរថា ពួកគេនៅតែអាចប្រើប្រាស់ ក៏ដូចជារក្សាទំនាក់ទំនងអាជីវកម្មជាមួយកម្មវិធី WeChat របស់ចិន នៅក្នុងប្រទេសចិនបានជាធម្មតា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

របាយការណ៍ខាងលើនេះ បានកើតមានឡើងនៅពីរសប្តាហ៍ក្រោយពី លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលសំដៅរារាំងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយក្រុមហ៊ុនមេរបស់កម្មវិធី TikTok គឺ ByteDance និងក្រុមហ៊ុនចិនមួយទៀតគឺ Tencent ដែលជាម្ចាស់របស់ WeChat ខណៈបទបញ្ជានេះនឹងត្រូវចាប់ផ្តើមអនុវត្តក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា។

គួរជម្រាបថា ឆ្លើយតបចំពោះវិធានការរបស់អាមេរិក ទីក្រុងប៉េកាំងបានចេញមុខប្រឆាំងដាច់ខាត ជុំវិញការដាក់បម្រាមលើក្រុមហ៊ុនធំៗទាំងពីរនេះ ហើយប្តេជ្ញាការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់បណ្តាក្រុមហ៊ុនចិននានា៕