(អាតែន)៖ ខ្សែការពារ Harry Maguire ដែលជាប្រធានក្រុមនៃក្លិបបាល់ទាត់ Manchester United ត្រូវបានប៉ូលិសប្រចាំកោះ Mykonos នៃប្រទេសក្រិកធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍ ពីបទចោទប្រកាន់ប្រើអំពើហិង្សាដោយចេតនាទៅលើមន្រ្តីប៉ូលិស។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា ខ្សែការពារអង់គ្លេសអាយុ ២៧ឆ្នាំ បានទៅសម្រាកលំហែកាយនៅប្រទេសក្រិក ជាទីដែល Maguire និងជនបរទេស ២នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថា បានបង្កជម្លោះជាមួយមន្ត្រីប៉ូលិសនៅកោះ Mykonos។

ភ្លាមៗនោះដែរ លោក Konstantinos Darivas មេធាវីរបស់លោក Maguire បាននិយាយប្រាប់ក្រុមអ្នកព័ត៌មានថា លោកសូមធ្វើការបដិសេធរាល់ការចោទប្រកាន់នេះ ហើយលោកជឿជាក់យ៉ាងមុតមាំថា Maguire នឹងត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ណាមួយឡើយនៅថ្ងៃសៅរ៍នេះ។

គួររំលឹកផងថា កីឡាករខ្សែការពារ Harry Maguire ត្រូវបានក្លិបបិសាចក្រហម Manchester United ទិញពីក្លិបរួម Premier League កញ្រ្ជោងខៀវ Leicester City ក្នុងតម្លៃបំបែកកំណត់ត្រា ៨០លានផោនកាលពីខែសីហា ឆ្នាំ២០១៩ តែមិនអាចជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Europa League បានឡើយ ដោយធ្លាក់ត្រឹមវគ្គ ៤ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Sevilla ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ មុនពេលមកលំហែកាយនៅប្រទេសក្រិកនាពេលនេះ៕