(បរទេស)៖ តារាចម្រៀងប៉ុបល្បីឈ្មោះ Taylor Swift បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន តាមរយៈផេកសប្បុរសធម៌ «Go Fund Me» ដើម្បីជួយដល់និស្សិតម្នាក់ឈ្មោះ Vitoria Mario ដែលខ្វះខាតប្រាក់ក្នុងការចំណាយថ្លៃរៀនសូត្រនៅសាកលវិទ្យាល័យនៃចក្រភពអង់គ្លេស ដោយសារនាងគ្មានទីពឹងអ្វីទាំងអស់ និងមានក្តីស្រមៃចង់បន្តការសិក្សា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

បើតាមផេកសប្បុុរសធម៌បានឲ្យដឹងថា និស្សិតឈ្មោះ Vitoria Mario បានផ្លាស់ពីប្រទេសព័រទុយហ្កាល់ ទៅរស់នៅចក្រភពអង់គ្លេសអស់រយៈពេល៤ឆ្នាំមកហើយ ហើយនាងគ្មានសិទ្ធទទួលប្រាក់កម្ចី ឬការថែទាំងអ្វីនោះទេ។ បច្ចុប្បន្ននាងរស់តំបន់ Tottenham ភាគខាងជើងទីក្រុងឡុងដ៍ ដោយឪពុករបស់នាងបានទទួលមរណភាពហើយ និងម្តាយនាងរស់នៅក្នុងប្រទេសព័រទុយហ្កាល់។ បច្ចុប្បន្ននាងត្រូវការសម្ភារៈសម្រាប់សិក្សាជាចាំបាច់ ត្បិតក្រុមគ្រួសារនាងកំពុងជួបបញ្ហាហិរញ្ញវត្ថុ។

យ៉ាងណាមិញ តាមរយៈទឹកប្រាក់បរិច្ចាគចំនួន ២៣,៣៧៣ ផោន ឬប្រមាណ ៣ម៉ឺនដុល្លារ ពីសំណាក់តារាចម្រៀងល្បីឈ្មោះ Taylor Swift នៅពេលនេះនាងត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ការខ្វះខាតរបស់នាងបានច្រើន។

ក្រោយបរិច្ចាគប្រាក់ តារាចម្រៀង Taylor Swift បានសរសេរសារថា នាងបានដឹងរឿងរ៉ាងជាច្រើនពីជីវិតលំបាក និងការតស៊ូរបស់និស្សិត Vitoria ហើយសង្ឃឹមថាប្រាក់បរិច្ចាគរបស់នាងទៅនិស្សិតរូបនោះនឹងជួយសម្រេចក្តីស្រមៃរបស់គេ។

គួរជម្រាបថា Taylor Swift ជាតារាចម្រៀងប៉ុបអាមេរិក ដែលមានឈ្មោះបោះសំឡេងម្នាក់ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ បើតាមរបាយការណ៍នៅឆ្នាំ២០១៩ នាងមានប្រាក់សុទ្ធចំនួន ៣៦០លានដុល្លារអាមេរិក។ ក្រៅពីជាតារាចម្រៀង និងធ្លាប់សម្តែងបានខ្សែភាពយន្តល្បីៗជាច្រើនដូចជា Cats, Miss Americana, Valentine’s Day និង រឿង «The Giver» ជាដើម៕