(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៤ បានរកឃើញបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ(១/៤) ចំនួន ៤ក្រុមទៀតហើយ រួមមានក្រុមបឹងកេត ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងក្រុមកងយោធពលខេមរភូមិន្ទ ដែលទើបបន្ដយកឈ្នះគូប្រជែងរៀងៗខ្លួន ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ។

ចំពោះក្រុមការពារតំណែងជើងឯកបឹងកេត បានទម្លាក់ក្រុមជម្រើសខេត្តសៀមរាប ដោយលទ្ធផលសរុប ២ជើង ១៨-០ ក្រោយពួកគេបន្ដយកឈ្នះក្នុងដី ១៣-០ ក្នុងជើងទី២ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ។ ១៣គ្រាប់របស់ក្រុមបឹងកេតថ្ងៃនេះ រកបានដោយ សៀង ចន្ធា ៣គ្រាប់, ម៉ុន វ៉ាន់ដា ២គ្រាប់, ហ៊ត ឈិនជិន, ជា វេសលី, ជឿន ពិសាខបូរមី, ហុង ផេង, ដៀម ម៉ង់, សឿត ណាវ៉ា, ឱ ភារុណ និងម៉ាត់ នូរុណ ម្នាក់ ១គ្រាប់ ។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ២-០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ។ សរុបលទ្ធផលទាំង ២ជើង ក្រុមលោក Conor Nestor បានទម្លាក់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ដោយលទ្ធផល ៣-០ ដ្បិតជើង១ ពួកគេបានយកឈ្នះក្នុងដី ១-០ ។ សម្រាប់ ២គ្រាប់ ដើម្បីធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ រកបានដោយ ឈិន ឈឿន និងកីឡាករ មិន រតនៈ ម្នាក់ ១គ្រាប់ ។

រីឯក្រុមភ្នំពេញក្រោន បានបន្ដយកឈ្នះក្រុមអាស៊ីអឺរ៉ុប យ៉ាងចាស់ដៃ ក្នុងជើងទី២ ជាមួយលទ្ធផល ៦-០ នៅកីឡដ្ឋាន AEU Sport Park ។ ៦គ្រាប់ជួយអតីតក្រុមជើងឯក ២សម័យកាលឡើងវគ្គបន្ដនេះ ធ្វើសម្រេចដោយកីឡាករ ប្រាក់ ធីវ៉ា ៣គ្រាប់, អ៊ន ចាន់ប៊ូលីន, លឹម ពិសុទ្ធ និង អ៊ីម សំអូន ម្នាក់ ១គ្រាប់ ។ ដូច្នេះសរុបលទ្ធផលទាំង ២ជើង អតីតក្រុមជើងឯក ២សម័យភ្នំពេញក្រោន បានយកឈ្នះក្រុមអាស៊ីអឺរ៉ុបយូណាយធីត ១០-០ ។

ដោយឡែកក្រុមកងយោធពលខេមរភូមិន្ទវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកែប ៤-១ ប៉ុណ្ណោះ ក្នុងជំនួបជើងទី២ ផ្ទុយកាលពីជើងទី១ ដែលពួកគេបានយកឈ្នះក្រុមលេខ៣ នៃពានថ្នាក់ខេត្តនេះ រហូតដល់ ១០-២ ក្នុងទឹកដីរបស់ខ្លួន ។ សរុបលទ្ធផលទាំង ២ជើង អតីតក្រុមជើងឯក ៣សម័យខាងលើ បានយកឈ្នះក្រុមមកពីនាយសមុទ្រនេះ ដោយលទ្ធផល ១៤-៣ ដើម្បីបន្ដដំណើរទៅជួបខេត្តព្រៃវែង នៅវគ្គ ៨ក្រុមចុងក្រោយ ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ពានសម្ដេចតេជោ-ថ្នាក់ជាតិ បានរកឃើញបេក្ខភាពវគ្គ ១/៤ ផ្ដាច់ព្រ័ត្រចំនួន ៧ក្រុមហើយ ពោលគឺក្រៅពី ៤ក្រុមខាងលើ គឺមានក្លិបណាហ្គាវើលដ៏, គិរីវង់សុខសែនជ័យ និងក្រុមជើងឯកពានថ្នាក់ខេត្ត គឺក្រុមជម្រើសខេត្តព្រៃវែង ។ រីឯ ១ក្រុមទៀត ត្រូវរង់ចាំការប្រកួតកាត់សេចក្ដី នាថ្ងៃទី២៦ ខែសីហាខាងមុខ រវាងក្រុមវិសាខា និងខេត្តត្បូងឃ្មុំ ដែលវិសាខា ទើបយកឈ្នះ ៩-០ កាលពីម្សិលមិញ៕