(មែនឆេស្ទើ)៖ ក្រុមមេឃខៀវ Manchester City បានចុះកិច្ចព្រមព្រៀងទិញកីឡាករខ្សែប្រយុទ្ធ Ferran Torres ពីក្លិបអេស្ប៉ាញ Valencia ក្នុងតម្លៃប្រមាណ ២៧លានដុល្លារ ដើម្បីមកកាន់លីគកំពូល Premier League ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Etihad។ នេះបើតាមការចេញផ្សាយដោយ Xinhua នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

កីឡាករដែលមានវ័យទើបតែ ២០ឆ្នាំ សញ្ជាតិអេស្ប៉ាញ Torres មុនពេលផ្លាស់មកលេងឲ្យក្លិបថ្មី Man City រូបគេបានចំណាយពេលលេងឲ្យ Valencia បានចំនួន ៤៤ប្រកួតក្នុងរដូវកាលមុន ដោយរកបាន ៦គ្រាប់ ក្រោយពេលបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០១៧ ក្នុងឈុតយុវជន Valencia B និងសរុបបាន ៧១ប្រកួតគ្រប់កម្មវិធីប្រកួតរបស់ក្លិបប្រចៀវខ្មៅ។

Torres បានថ្លែងក្នុងកិច្ចសម្ភាសន៍របស់ Man City ថា «ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមជាមួយ Man City ដែលជាក្រុមមានការវាយប្រហារខ្លាំង ដោយកីឡាករទាំងអស់ពិតជាចង់មកទីនេះ ក៏ព្រោះជាក្រុមមួយលំដាប់ពិភពលោក»៕