(ភ្នំពេញ)៖ លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានបង្ហាញសុទិដ្ឋិនិយម ចំពោះការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ២០២០ ដែលមានការវិវឌ្ឍន៍រីកចម្រើនខ្លាំងជាងមុន ពិសេសការប្រកួតពានថ្នាក់ខេត្ដ ដែលទើបបញ្ចប់កាលពីពេលថ្មីៗ ដោយក្រុមជម្រើសខេត្តនីមួយៗសុទ្ធតែបានរៀបចំយ៉ាងល្អ។

ផ្អែកលើការរៀបចំក្រុមបានល្អនេះ លោករំពឹងថា ការប្រកួតពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីឆ្នាំនេះ នឹងមានការប្រកួតប្រជែងខ្លាំងជាងមុន ហើយក្នុងនាមក្រុមការពារតំណែងជើងឯក បឹងកេត ក៏មិនអាចមើលស្រាលក្រុមណាមួយដែរ។

លោកនិយាយថា «ចំពោះពានរង្វាន់សម្ដេចតេជោ ឆ្នាំ២០២០ ខ្ញុំសង្កេតឃើញក្រុមមានការរីកចម្រើនច្រើនជាងមុន ពិសេសក្រុមមកពីខេត្ត ដែលមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលមិនអាចមើលស្រាលបានទេ ព្រោះខ្ញុំមើលឃើញការប្រែប្រួលខ្លាំងជាងមុន និងមានយុវជនលេងច្រើនជាងមុន។ ចឹងខ្ញុំជឿថា នឹងមានការប្រកួតខ្លាំងជាងមុន ហើយយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីការពារជើងឯករបស់យើង»

គួរដឹងថា សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២០ វគ្គ ១៦ក្រុមចុងក្រោយឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដោយបឹងកេត បានចាប់ឆ្នោតជួបក្រុមជម្រើសខេត្តសៀមរាប ស្របពេលការប្រកួតជើងទី១ គ្រោងធ្វើឡើងនាថ្ងៃទី១៣ ខែសីហា នៅទឹកដីខេត្តសៀមរាប និងជើងទី២ ប្រកួតនាថ្ងៃទី២០ ខែដដែល នៅទឹកដីកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរបស់ខ្លួន៕