(អវកាស)៖ ឆ្នាំពន្លឺ (Light Year) គឺជាចម្ងាយពន្លឺដែលអ្នកវិទ្យាសាស្រ្តប្រើសម្រាប់វាស់ពី Galaxy មួយទៅ Galaxy មួយទៀត ឬវាស់ចម្ងាយរវាងភពនិងភព ឬតារានិងតារាជាដើម។

យើងដឹងហើយថា ក្នុងរយៈពេល ១វិនាទី ពន្លឺអាចរត់បានចម្ងាយ ២៩៩,៧៩២ គីឡូម៉ែត្រ (និយាយលេខមូលថា ៣០០,០០០ គីឡូម៉ែត្រ) ដូច្នេះដើម្បីដឹងថា ១ឆ្នាំពន្លឺ មានប៉ុន្មានគីឡូម៉ែត្រនោះ គេត្រូវយកចំនួនវិនាទីដែលមានក្នុងមួយឆ្នាំ ទៅគុណនឹងចំនួនចម្ងាយ ២៩៩,៧៩២ គីឡូម៉ែត្រ ហើយគេនឹងបានមកវិញនូវចម្ងាយ ៩.៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ ឬអាចនិយាយបានថា ៩.៤៦១ លានលានគីឡូម៉ែត្រ ឬហៅតាមភាសាបច្ចេកទេសថា ៩.៤៦១ ទ្រីលានគីឡូម៉ែត្រ។

* វិធីវាស់ឆ្នាំពន្លឺ ឬចម្ងាយវត្ថុក្នុងលំហ

ចម្ងាយនៃវត្ថុក្នុងលំហមិនពិបាកវាស់ទេ គឺគណនារយៈពេលដែលកាំពន្លឺមួយទៅដល់វត្ថុនោះ គុណជាមួយនឹងល្បឿននៃពន្លឺ។ ឧទាហរណ៍ កាំពន្លឺធ្វើដំណើរពីព្រះអាទិត្យមកផែនដី មានរយៈពេលជាមធ្យម ៨ នាទី ២០ វិនាទី ហេតុនេះយើងអាចយក ៨ នាទី ២០ វិនាទី មកបំបែកជាវិនាទីទាំងអស់ (៨ X ៦០ + ២០ = ៥០០ នាទី) រួចគុណនឹងល្បឿនក្នុងមួយវិនាទី (២៩៩,៧៩២ គីឡូម៉ែត្រ) នោះយើងនឹងដឹងចម្ងាយពីផែនដីទៅព្រះអាទិត្យគិតជាគីឡូម៉ែត្រ។

ម្យ៉ាងទៀត ដោយសារតែល្បឿនពន្លឺមានលក្ខណៈថេរ ដូច្នេះវាជាវិធីសាស្រ្តដ៏គួរឱ្យទុកចិត្តសម្រាប់វាស់ចម្ងាយក្នុងលំហ៕