(ក្រុងរ៉ូម)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លីគបាល់ទាត់កំពូលនៃប្រទេសអ៉ីតាលី Serie A 2020-2021 គ្រោងចាប់ផ្តើមការប្រកួតប្រជែងនៅអំឡុងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០តទៅ បន្ទាប់ពីរដូវកាលឆ្នាំ២០១៩-២០២០ ទើបតែបញ្ចប់ជាផ្លូវការនាដើមខែសីហា ឆ្នាំ២០២០ នេះដោយមានក្រុម Juventus ជាម្ចាស់ជើងឯក។

តាមប្រភពពីសមាគមលីគបាល់ទាត់អ៉ីតាលី បានឲ្យដឹងនាថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០ ការប្រកួតលីគកំពូល Serie A នឹងបន្តការប្រកួតរដូវកាលថ្មីឆ្នាំ២០២០-២០២១ នៅអំឡុងខែកញ្ញា ដែលនេះជាការសម្រេចចិត្តរួមគ្នាជាមួយបណ្តាក្លិបជាច្រើន បន្ទាប់ពីរដូវកាលនេះ បានជួបបញ្ហាផ្អាកការប្រកួតតាំងពីខែមីនាដល់ខែមិថុនា ដោយសារវិបត្តិវីរុស COVID-19។

សូមបញ្ជាក់ផងថា សម្រាប់ការប្រជែងជើងឯកលីគកំពូល Serie A ឆ្នាំ២០១៩-២០២០ ក្រុមសេះបង្កង់ Juventus បានបញ្ចប់ត្រឹម ៨៣ពិន្ទុ ក្នុងការប្រកួត ៣៨លើកនៃ ២០ក្រុមចូលរួម ហើយបន្តគ្រងតំណែងជើងឯកក្នុងចំណោមការឈ្នះពានលីគ ៩រដូវកាលជាប់ៗគ្នា និងជាលើកទី៣៦ ប្រវត្តិសាស្រ្តរបស់ក្លិប ចាប់តាំងពីរដូវកាលឆ្នាំ២០១១-២០១២ មក៕