(ថៃ)៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសបានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងបណ្ដាញសង្គមយក្សអាមេរិក Facebook ព្រមទាំងចោទប្រកាន់ក្រុមហ៊ុន Facebook ថាមិនបានគោរពតាមសំណើរបស់រដ្ឋាភិបាល ក្នុងការរឹតត្បិត ឬហាមឃាត់ទៅឡើមាតិកា (ការបង្ហោះសារ) មួយចំនួនដែលខុសច្បាប់ប្រទេស រួមតាំងការប្រមាថដល់រាជាធិបតេយ្យរបស់ប្រទេស។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បាន ខឹង យ៉ាងខ្លាំង ដោយសារតែកាលពីសប្ដាហ៍មុន មុខងារបកប្រែដោយស្វ័យប្រវត្តិរបស់ Facebook (auto-translation tool) បានធ្វើការបកប្រែ សារខុស នៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ទូរទស្សន៍ថៃក្នុងថ្ងៃខួបកំណើតព្រះមហាក្សត្រ Maha Vajiralongkorn។

ក្រោយពីកើតមានករណីនេះ ក្រុមហ៊ុន Facebook បានសុំទោស និងបានផ្អាកមុខងារបកប្រែពីភាសាអង់គ្លេស ទៅភាសាថៃ មួយរយៈសិន។

លោក Puttipong Punnakanta រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមរបស់ប្រទេសថៃ បានរិះគន់ចំៗទៅលើក្រុមហ៊ុន Facebook ថា ធ្វើការ មិនបានល្អ ជាពិសេសយឺតយ៉ាវក្នុងការឆ្លើយតបទៅតាមសំណូមពររបស់រដ្ឋាភិបាល ក្នុងការហាមឃាត់មាតិកាដែលខុសច្បាប់ ហើយនៅពេលនេះ ផងដែរ លោកបានស្នើដល់ព្រះមហាក្សត្រចាត់វិធានការទៅលើផ្លូវច្បាប់ ចំពោះក្រុមហ៊ុន Facebook។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃមានច្បាប់តឹងរឹងបំផុតក្នុងការហាមជេរប្រមាថ និងប្រឆាំងព្រះមហាក្សត្រ ឬរាជានិយម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ តុលាការ និងអាជ្ញាធរពាក់ព័ន្ធបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺបណ្ដាញសង្គមនានា ក្នុងការដាក់កម្រិត ឬលុបចោល មាតិកាទាំង ឡាយ ណាដែលប៉ះពាល់ដល់ព្រះមហាក្សត្រ គំរាមកំហែងសន្តិសុខជាតិ និងបំពានច្បាប់៕