(ស៊ីដនី)៖ លីគកីឡាបាល់បោះ National Basketball League របស់អូស្ត្រាលី បានប្រាប់ឲ្យដឹងថា សមាជិកចំនួន១២នាក់ មកពីក្រុម Melbourne United ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ។

ក្រុមកីឡាបាល់បោះមួយក្រុមទៀត ឈ្មោះ South East Melbourne Phoenix ក៏ត្រូវបានគេដាក់ឲ្យរស់នៅ ដាច់ដោយឡែកពីគេផងដែរ ខណៈបុគ្គលិក និងកីឡាករ កំពុងស្ថិតក្រោមការធ្វើតេស្តរកវីរ៉ុស។

រដ្ឋ Victoria ដែលមានទីក្រុង Melbourne ជារដ្ឋធានីនោះ កំពុងប្រយុទ្ធប្រឆាំងនឹង ការកើតឡើងវិញនៃវីរុស ដែលបានមើលឃើញ ការឆ្លងរាលដាលយ៉ាងខ្លាំង នៅក្នុងខែកន្លងទៅ រហូតដល់ជាង៦,៥០០ករណី ជាករណីសកម្ម គិតត្រឹមថ្ងៃច័ន្ទ។

កាលពីសប្តាហ៍មុន, កីឡាករបាល់បោះ Mitch McCarron មកពីក្លិប Melbourne United ដែលលេងឲ្យក្រុមជម្រើសជាតិអូស្ត្រាលីផងដែរនោះ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19 ជាមួយនឹងកីឡាករ Jo Lual-Acuil ជាមិត្តរួមក្រុមរបស់ខ្លួន ហើយកីឡាករទាំងពីររូប បានស្ម័គ្រចិត្តរស់នៅដាច់ដោយឡែកពីគេ ដោយខ្លួនឯង។

ស្របពេលដែល ការចាប់ផ្តើមជាផ្លូវការ នៃរដូវកាលលីគបាល់បោះ National Basketball League ត្រូវពន្យារពេល រហូតដល់ខែធ្នូ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 នោះ, ក្រុមកីឡាករ បាននឹងកំពុងបន្តហ្វឹកហាត់រួមគ្នា ដើម្បីរក្សាកាយសម្បទា និងជំនាញរបស់ខ្លួន៕