(បរទេស)៖ តារាសម្តែងជើងចាស់ល្បីឈ្មោះ ក្នុងវិស័យបូលីវូដ Amitabh Bachchan ដែលមានវ័យ៧៧ឆ្នាំ បានប្រកាសថា លោកបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ដោយធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

ជាការកត់សម្គាល់ តារាជើងចាស Amitabh Bachchan បានទៅព្យាបាលជំងឺកូវីដ១៩ នៅមន្ទីពេទ្យក្នុងទីក្រុង Mumbai អស់រយៈពេល៣សប្តាហ៍ ខណៈកូនប្រុសរបស់លោក គឺតារាសម្តែង Abhishek Bachchan នៅមិនទាន់ជាសះស្បើយ ពីវីរុសនេះនៅឡើយទេ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅឡើយ។

លោក Amitabh Bachchan បានជាសះស្បើយពីកូវីដ១៩ បន្ទាប់ពីកូនប្រសារស្រីរបស់លោក គឺតារាសម្តែង Rai Bachchan និងកូនស្រីរបស់នាង បានជាសះស្បើយពីវីរុសកូវីដ១៩នេះ កាលពីខែកក្កដា។

គួរជម្រាបថា មនុស្សជាង១.៧លាននាក់ បានឆ្លងកូវីដ១៩ នៅទូទាំងប្រទេសឥណ្ឌា ដែលធ្វើឲ្យប្រទេសមួយនេះ មានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេទី៣លើលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ខណៈច្រើនជាង ៣៧,០០០ នាក់បានស្លាប់ ដោយសារជំងឺនេះ៕