(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំពិធីប្រកាសពានរង្វាន់ជយលាភីស្លាកសញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) ក៏ដូចជាពិធីរាប់ថយក្រោយ ១០០០ថ្ងៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ការកំណត់យកថ្ងៃទី៧ ខែសីហា ដើម្បីរៀបចំកម្មវិធីពិសេសខាងលើ ដោយសារត្រូវនឹងថ្ងៃសល់រយៈពេល ១០០០ថ្ងៃនៃដំណើរឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា បើគិតពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

ពិធីប្រគល់រង្វាន់ជយលាភី និងរាប់ថយក្រោយនេះដែរ គ្រោងនឹងធ្វើឡើងអធិបតីតភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ CAMSOC ពិសេសក៏នឹងមានការរៀបចំកម្មវិធីអបអរសាទរជាច្រើនផងដែរ។

ចំពោះការប្រកាសជយលាភីបេក្ខជន និងបេក្ខនារីឆ្នើម ក្នុងការគូ Logo និង Mascot សម្រាប់ប្រើប្រាស់ផ្លូវការ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានាឆ្នាំ២០២៣ វិញ CAMSOC ក៏នឹងផ្ដល់រង្វាន់លើកទឹកចិត្តជាច្រើនផងដែរ ពិសេសស្នាដៃពួកគេ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផ្លូវការ ក្រោយចប់កម្មវិធីខាងលើ។

គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះលើកដំបូង គ្រោងនឹងបើកការប្រកួតនៅថ្ងៃទី០៥ ខែសីហា និងបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ហើយបន្ទាប់ពីចប់ការប្រកួតស៊ីហ្គេមជាង ១០ថ្ងៃ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ ដែលហៅថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមការប្រកួតបន្ដ ដោយគ្រោងធ្វើពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕