(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅតោខៀវ Chelsea លោក Frank Lampard ជឿជាក់ថា ការចាប់ផ្តើមរដូវកាលថ្មីនៅថ្ងៃទី១២ ខែកញ្ញាគឺ ឆាប់ពេកហើយសម្រាប់របស់ក្រុមលោក។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

កាលបរិច្ឆេទចាប់ផ្តើមឆ្នាំ២០២០-២១ ត្រូវបានប្រកាសកាលពីខែមុន ប៉ុន្តែក្រុមតោខៀវ Chelsea ត្រូវជួបក្រុមខ្លាំង Bayern Munich នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League ជេីងទី២ នៃវគ្គ១៦ក្រុមចុងក្រោយ។

ទោះបីជាពួកគេបរាជ័យក្នុងការឈានទៅវគ្គ ៨ក្រុម ក្រោយចាញ់ ៣-០ ក្នុងដីក៏ដោយ ក៏ក្រុមតោខៀវនឹងមានរយៈពេលតែ ៣៥ថ្ងៃមុនរដូវកាលថ្មីនៃក្របខណ្ឌ Premier League ចាប់ផ្តេីម។

អ្នកចាត់ការសញ្ជាតិអង់គ្លេសបាននិយាយថា កីឡាករត្រូវការការពេលវេលាសម្រាក ដើម្បីលេងនៅកម្រិតដែលមានគុណភាពក្នុង Premier League រដូវកាលក្រោយ។

វាត្រូវបានគេយល់ថា នៅពេលដែលក្លិបនៃ Premier League បានយល់ព្រមកាលបរិច្ឆេទចាប់ផ្តើមថ្មី វាក៏ច្បាស់ដែរថា ការឈប់សម្រាកយ៉ាងហោចណាស់ ៣០ថ្ងៃនឹងត្រូវបានអនុញ្ញាតសម្រាប់ក្រុមតោខៀវ និងក្រុមណាមួយផ្សេងទៀត ដែលលេងនៅក្នុងការប្រកួតអ៊ឺរ៉ុបនាចុងរដូវកាល។

ក្រុម Manchester City ក៏នៅតែស្ថិតនៅក្នុងក្របខណ្ឌ Champions League ក្នុងវគ្គ ១៦ក្រុមដូចគ្នា គ្រាដែល Manchester United និង Wolves ស្ថិតក្នុងពានទី២ Europa League ដែលវគ្គផ្តាច់ព្រ័ត្រនឹងធ្វេីឡេីងនាថ្ងៃទី២១ ខែសីហា។

ចំពោះបញ្ហានេះ Lampard បានបន្ថែមថា ខ្ញុំចង់គិតថា Premier League នឹងយកចិត្តទុកដាក់ចំពោះរឿងនេះ។ សង្ឃឹមថាពួកគេនឹងផ្តល់ឲ្យយើងនូវការចាប់ផ្តើមដ៏ត្រឹមត្រូវមួយនៅរដូវកាលក្រោយ៕