(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហាញនូវកង្វល់មួយចំនួន ពាក់ព័ន្ធលក្ខខណ្ឌបច្ចេកទេស និងគុណភាពធនធានមនុស្ស រួមទាំងការងារជាច្រើនទៀត ដែលសហព័ន្ធត្រូវពន្លឿនការអនុវត្ត ដើម្បីឆ្លើយតបនឹងផែនការត្រៀមដាក់បញ្ចូលប្រភេទកីឡាប្រពៃណីរបស់កម្ពុជានេះទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ (SEA Games 2023) នៅកម្ពុជា។

ការបង្ហាញនូវកង្វល់ខាងលើបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារ និងលើកទិសដៅបន្ដ ឆ្នាំ២០២០ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដាម្សិលមិញ ក្រោមវត្តមានលោកបណ្ឌិត ច័ន្ទ សារុន ប្រធានសហព័ន្ធ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធផងដែរ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មកទល់ពេលនេះ សហព័ន្ធនៅសល់ការងារជាច្រើនត្រូវធ្វើ ហើយភាគច្រើនជាការងារធំ ដែលជាកិត្តិយសជាតិទាំងមូល ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ដែលកម្ពុជាត្រូវបញ្ចុះបញ្ចូលប្រទេសអាស៊ានឲ្យហាត់គុនល្បុក្កតោ អមជាមួយការរៀបចំលក្ខន្ដិកៈ បច្ចេកទេសការប្រកួត និងបទបញ្ជាការប្រកួតលក្ខណៈអន្ដរជាតិ ដើម្បីក្លាយជាកីឡាកម្រិតអន្ដរជាតិមួយ ដែលអាចបញ្ចូលក្នុងការប្រកួតស៊ីហ្គេមបាន ។

លោកថា «អ្វីដែលសំខាន់ ដែលមានកង្វល់ និងជួបឧបសគ្គ គឺគុណភាព នៃកីឡាកររបស់យើង ។ យើងម្ចាស់ក្បាច់គុន យើងម្ចាស់ផ្ទះ ស្រាប់តែដល់ពេលប្រកួត ឲ្យមេដាយទៅគេអស់ ។ ចឹងទាមទារឲ្យមានការបណ្ដុះបណ្ដាលឲ្យមានសមត្ថភាព ព្រោះពេលវេលាយើងកាន់តែខ្លី ចឹងត្រូវការលទ្ធភាព ត្រូវការឆន្ទៈ ត្រូវការសាមគ្គីភាពផ្ទៃក្នុង បើសាមគ្គីផ្ទៃក្នុងយើងនៅតែរអាក់រអួល នៅតែអត់មើលឃើញគុណប្រយោជន៍របស់ល្បុក្កតោ លើសពីការងារមួយចំនួន អាចជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសរបស់យើង» ។

«ចំណុចមួយនេះ គឺជាចំណុចសំខាន់ ដែលជាកង្វល់ជាងគេ រឿងសមត្ថភាពរបស់កីឡាករ គ្រូបង្វឹក និងសមត្ថភាពរបស់អាជ្ញាកណ្ដាល-ចៅក្រមរបស់យើង ដែលយើងត្រូវធ្វើឲ្យមានគុណភាពពីពេលហ្នឹងទៅ ព្រោះដល់ពេលយើងធ្វើម្ចាស់ផ្ទះ យើងត្រូវរៀបឲ្យគេ យើងត្រូវបង្ហាញពីភាពស្វាហាប់ ជាប្រភេទកីឡាមួយ ដែលសមាហរណកម្មចូលទៅក្នុងឆាកអន្ដរជាតិ ក្នុងកីឡាស៊ីហ្គេមប្រចាំតំបន់»។ លោក វ៉ាត់ ចំរើន បន្ថែម ។

ជាមួយគ្នានោះ លោកបណ្ឌិត ច័ន្ទ សារុន បានដាក់ចេញនូវយន្ដការ ៦ចំណុច ដើម្បីពង្រឹងសក្ដានុពលកីឡាគុនល្បុក្កតោកម្ពុជា ដំណើរឆ្ពោះទៅស៊ីហ្គេមផងដែរ ទី១- ពង្រឹងយន្ដការច្បាប់ លក្ខន្ដិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្ដីណែនាំរបស់សហព័ន្ធ ហើយកែសម្រួលឡើងវិញ ក្នុងករណីចាំបាច់ ដោយគោរពក្រមសីលធម៌កីឡា និងគោលការណ៍ Fair-Play ត្រឹមត្រូវ ។ ទី២-ចាំបាច់ត្រូវមានការបម្រួបបម្រួមព្រឹទ្ធាចារ្យ គ្រូបង្វឹក និងសិស្សគុនទូទាំងប្រទេស ដោយបើកជំហរវិសាលភាពការងារ ដើម្បីជំរុញឲ្យមានការគាំទ្រ បង្កើតសាលាគុន និងចូលរួមហ្វឹកហាត់ឲ្យបានច្រើនជាអតិប្បរមា ដើម្បីស្វែងរកគុណភាពកីឡាករ-កីឡាការិនីប្រកបដោយទេពកោសល្យខ្ពស់ ។

ទី៣-លើកតម្កើងកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការគោរពចំពោះព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ឲ្យមានគុណតម្លៃអប់រំ ដល់សិស្សគុនល្បុក្កតោទៅគ្រប់ជំនាន់ទៅថ្ងៃអនាគត ។ ទី៤-ពង្រឹងឥទ្ធិពលដោយការផ្សព្វផ្សាយគុនល្បុក្កតោទូទាំងប្រទេស និងពិភពលោក តាមរយៈគ្រូគុនខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។ ទី៥-ពង្រឹងការងារបណ្ឌិតសភាគុនល្បុក្កតោ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលអប់រំគុនល្បុក្កតោ សម្រាប់ទាំងអស់គ្នា និងទី៦-ការពង្រឹងគុណភាព និងគុណផលកីឡាកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកជោគជ័យ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣៕