(បរទេស)៖ «តាក់ស៉ី (Taxi)» ជាសេវាកម្មទូទៅមួយ ដែលមនុស្សគ្រប់គ្នានិយមប្រើប្រាស់ សម្រាប់ការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែពួកយើងកម្រនឹងទៅគិតពីប្រវត្តិសាស្រ្ត ដែលទាក់ទងទៅនឹងសេវាកម្មនេះណាស់។ យ៉ាងណាក៏ដោយ តើអ្នកធ្លាប់ងឿងឆ្ងល់ដែរឬទេថា តើសេវាកម្ម «តាក់ស៉ី» នេះ មានដើមកំណើតមកពីប្រភពណា?

* ប្រវត្តិនៃយានជំនិះសាធារណៈសម្រាប់ជួលធ្វើដំណើរ

ប្រវត្តិសាស្រ្តស្ដីពីយានជំនិះ សម្រាប់ការជួលប្រើប្រាស់នៅតាមទីសាធារណៈ គឺមានអាយុកាលរាប់រយឆ្នាំឯណោះ ពោលវាបានលេច ឡើង មុនការមកដល់នូវប្រភេទយានយន្ត ដូចជារថយន្តនិងម៉ូតូទៅទៀត។ យោងតាមឯកសារដែលត្រូវបានកំណត់ត្រាទុក សេវាជួលយានជំនិះ ដើម្បីធ្វើដំណើរទៅទីសាធារណៈដំបូងគេបង្អស់ គឺមានវត្តមានតាំងពីសតវត្សរ៍ទី១៧ នៅឯទីក្រុងឡុងដ៍របស់អង់គ្លេស ក្នុងទម្រង់ជា រទេះសេះហៅថា ហ៊ែគនី ឃោច (Hackney Coach)។ រទេះសេះនេះ មានកង់ចំនួន៤ និងអូសដោយសេះ។

មកដល់សតវត្សរទី១៩ ស្ថាបត្យករអង់គ្លេសម្នាក់គឺលោក ចូសិប ហានសាំ (Joseph Hansom) ក៏បានបង្កើតរទេះសេះមួយប្រភេទទៀត ហៅថា «ហានសាំ (Hansom)» តាមត្រកូលរបស់លោកផ្ទាល់ ។ វាជារទេះមានកង់មួយគូ អូសដោយសេះមួយក្បាលប៉ុណ្ណោះ។ ប្រការនេះ អនុញ្ញាតឲ្យវាមានសភាពស្រាល និងលឿនជាងរទេះ Hackney ឆ្ងាយ ហើយសេវាកម្មក៏ធូរថ្លៃផងដែរ។ រទេះសេះ Hansom ក៏កាន់តែមាន ការពេញនិយមយ៉ាងឆាប់រហ័ស ទៅដល់កន្លែងដទៃទៀត ដូចជាអាល្លឺម៉ង់ បារាំង រុស្ស៉ី និងសហរដ្ឋអាមេរិក។

* យានជំនិះតាក់ស៉ី ដែលយើងគ្រប់គ្នាស្គាល់សព្វថ្ងៃនេះ គឺបានចាប់ផ្ដើមដំបូងនៅចុងសតវត្សរ៍ទី១៩

យានជំនិះតាក់ស៉ីដែលមនុស្សគ្រប់គ្នាស្គាល់នាពេលបច្ចុប្បន្ននេះ ជារថយន្តតាក់ស៉ីម៉ែត្រ ដែលត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៨៩១ ដោយជនជាតិអាល្លឺម៉ង់មួយរូបគឺលោក ហ្រ្វ៉ីឌ្រីជ វៀលហិម ហ្គូស្តាវ ប្រាញ់ (Friedrich Wilhelm Gustav Bruhn)។ សេវាកម្មតាក់ស៉ីម៉ែត្រ ផ្អែកទៅលើ ឧបករណ៍ដែលសម្រាប់វាស់វែងពេលវេលា ឬរយៈចម្ងាយក្នុងនៃការធ្វើដំណើរ ដើម្បីគណនាចេញជាថ្លៃធ្វើដណើរឲ្យបាន ត្រឹមត្រូវ។

នៅក្នុងឆ្នាំ១៨៩៧ វិស្វករអាល្លឺម៉ង់លោក ហ្កតលីប ដែមឡឺ (Gottlieb Daimler) បានបង្កើតនូវប្រភេទរថយន្តតាក់ស៊ី ដែលអាចដំណើរការ ដោយប្រើប្រាស់ ថាមពលប្រេងសាំងដំបូងគេបង្អស់នៅលើពិភពលោក។ ប្រភេទរថយន្តនោះ ត្រូវបានបំពាក់ជាមួយឧបករណ៌វាស់ម៉ែត្រ ហើយត្រូវគេឲ្យឈ្មោះថា «ដែមឡឺ វិចតូរៀ (Daimler Victoria)។ រួចហើយ វាត្រូវបានប្រគល់ទៅឲ្យសហគ្រិនអាល្លឺម៉ង់ម្នាក់គឺលោក ហ្រ្វ៉ីឌ្រិច រ៉ែនណឺ (Friedrich Greiner)។ លោក Greiner ជាអ្នកដែលបានបង្កើតក្រុមហ៊ុនតាក់ស៊ីដំបូងបង្អស់លើពិភពលោក ដែលដើរដោយ កម្លាំងម៉ាស៉ីនម៉ូទ័រ។

នៅក្នុងទីក្រុងឡុងដ៍របស់អង់គ្លេសវិញ ប្រភេទយានយន្តតាក់ស៉ី ត្រូវបានគេហៅថា «ហាំមិងបឺត (Hummingbirds)» ព្រោះតែការបញ្ចេញសូរ សំឡេងរបស់វា។ ប្រភេទតាក់ស៉ីនោះត្រូវបានរចនាឡើងដោយលោក វ៉លថឺ បឺស៉ី (Walter Bersey) នៅក្នុងឆ្នាំ១៨៩៧។ មិនយូរប៉ុន្មាននោះ ទេ ក៏មានវត្តមានយានយន្តតាក់ស៉ី នៅតាមប្រទេសជាច្រើនផ្សេងទៀត ដោយរថយន្តតាក់ស៉ីដែលប្រើសាំង បានទៅដល់ទីក្រុងប៉ារីសរបស់ បារាំងនៅឆ្នាំ១៨៩៩, ទីក្រុងឡុងដ៍នៅឆ្នាំ១៩០៣ និងទីក្រុងញូយ៉កនៅឆ្នាំ១៩០៧។

លោក ហារី អាលែន (Harry Allen) គឺជាបុគ្គលដំបូងគេនៅសហរដ្ឋអាមេរិក ដែលមាន «រថយន្តតាក់ស៊ីលឿង»។ លោក Allen បាននាំចូល វា មកពីប្រទេសបារាំង ហើយលាបពណ៌រថយន្តនោះឲ្យទៅជាពណ៌លឿង ដើម្បីឲ្យវាមើលទៅមានភាពលេចធ្លោ នៅពេលធ្វើចរាចរណ៍។

គួរជម្រាបថា សេវាកម្មតាក់ស៉ី បានរីកសុះសាយជុំវិញពិភពលោក និងវិវត្តន៍ជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃនេះ ហើយនៅប្រទេសខ្លះ គេមិនត្រឹមតែ ប្រើប្រាស់ រថយន្តប៉ុណ្ណោះ គឺប្រភេទយាន យន្តដទៃទៀត ដូចជាកង់បី និងម៉ូតូជាដើម ក៏ត្រូវបានប្រើប្រាស់សម្រាប់ការផ្តល់ សេវាធ្វើដំណើរនេះផងដែរ៕