(អាមេរិក)៖ កម្មវិធីកម្សាន្តនៅលើទូរស័ព្ទដែលមានអ្នកប្រើប្រាស់កើនឡើងរហ័សបំផុត TikTok បានដាក់ដំណើរការ Platform សម្រាប់ការផ្សាយពាណិជ្ជកម្មដោយខ្លួនឯង ដើម្បីបញ្ជាក់ពីមហិច្ឆតាក្នុងការប្រកួតប្រជែងជាមួយនឹងបណ្ដាញសង្គមនានា ខណៈដែលនៅពេលនេះកំពុងតែប្រឈមនឹង បិទឈប់ឱ្យប្រើនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា «TikTok For Business» គឺជា Platform មួយ ដែលផ្ដោតសំខាន់ លើអាជីវកម្មខ្នាតតូច និងមធ្យម ជាពិសេសគឺផ្ដល់នូវភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម ធ្វើការផ្សព្វផ្សាយព្រោះ TikTok បានធ្វើការ Update ទៅលើមាតិកាឱ្យមានភាពច្នៃប្រឌិត និងប្លែកៗ។

ការបង្កើតឡើងនូវ «TikTok For Business» នេះ TikTok មិនចង់ពឹងផ្នែកទៅលើ ក្រុមហ៊ុនផ្សេងៗដើម្បីទាញយកចំណូល ផ្ទុយទៅវិញការប្រើប្រាស់ Platform អ្នកដទៃមិនត្រួវបាន TikTok ទុកចិត្តឡើយ ផ្ទុយទៅវិញ TikTok បានអះអាងថា «TikTok For Business» គឺជា Platform ដែលមានសុត្ថិភាពខ្ពស់ ដៃគូពាណិជ្ជកម្ម មិនចាំបាច់ខ្វល់ពីរឿងនេះឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន TikTok ត្រូវបានរដ្ឋាភិបាលឥណ្ឌាបិទមិនឱ្យដំណើរការ ហើយនៅពេលនេះសហរដ្ឋអាមរិក និងបណ្ដាប្រទេសមួយចំនួន ទៀតក៏កំពុងតែពិចារណ៍បិទផងដែរ ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព សន្តិសុខជាតិ៕