(ភ្នំពេញ)៖ អ្នកស្រី ឱក សុគន្ធ​កញ្ញា ត្រូវបានចាត់ជា «កំពូលតារាចម្រៀង» មួយដួងក្នុងដួងចិត្ត ប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់​​ ដោយមានស្នាដៃជាច្រើនទៀតក្នុងវិស័យសិល្បៈ។ អ្វីដែលសំខាន់នោះមហាជននៅតែចង់ដឹងពីប្រវត្តិជីវិត ទ្រព្យសម្បត្តិ ជីវភាពប្រចាំថ្ងៃ ចំណង់ចំណូលចិត្ត ព្រមទាំង ទម្លាប់របស់តារាមួយដូងនេះថា តើបានឆ្លងកាត់យ៉ាងណាខ្លះទម្រាំបានក្លាយ​តារាល្បីមួយដួង ក្នុងចិត្តមហាជនគ្រប់ស្រទាប់ជាន់ថ្នាក់ទាំងក្នុង និងក្រៅប្រទេស។

អង្គភាពព័ត៌មាន Fresh News Plus សូមនាំមកនូវចម្ងល់​ទាំងឡាយនេះជូនអ្នកអាន៖

*​ ​ជីវិតគ្រូសារ និងការសិក្សា

ឱក សុគន្ធ​កញ្ញា កើតនៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ១៩៨៦​ នៅក្រុង​ភ្នំ​ពេញ មាន​ឪ​ពុកឈ្មោះ ឱក បូនី ជាតន្រ្តីករ (តែត្រូវបានបែកបាក់ពីគ្រួសារតាំងពី សុគន្ធ ​កញ្ញា នៅក្មេង​មុនពេលចូលសិល្បៈ) ម្តាយឈ្មោះ អៀន សុគន្ធ​ ជាមន្រ្តីរាជការនៅក្រសូង​វប្បធម៌​។ មានបងប្អូន​២នាក់​ នាង​ជាកូនបង។ កញ្ញា​ រៀននៅកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មុខវិជ្ជារបាំបុរាណ។ មានស្វាមី ឈ្មោះ អ៉ឹង សុខលី។ កូនប្រុសម្នាក់ឈ្មោះ ឆលី។

* ស្នាដៃក្នុងវិស័យសិល្បៈ

ឱក សុគន្ធ​កញ្ញា មាននិស្ស័យចូលចិត្តបទចម្រៀងតាំងពីតូច។ អាយុ១០ឆ្នាំ កុមារី ឱក សុគន្ធ​កញ្ញា បានមានឱកាសឈានជើងលើវិថីសិល្បៈតាមការចូលរួមប្រឡងចម្រៀង នៅស្ថានីយទួរទស្សន៍ជាតិ (ទ.ទ.ក) និងកម្មវីធី​ ពន្លតារា នៅស្ថានីយទួរទស្សន៍កងយុទ្ធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។ ក្រោយពេលឃើញទេពកោស្យរបស់​កុមារី ឱក សុគន្ធ​កញ្ញា ពេលនោះលោក អៀ ​វឌ្ឍនា ដែលជាអ្នក​និពន្ធទំនប់ច្រៀង​ បានណែនាំ ឱក សុគន្ធ​កញ្ញា ព្រមទាំង​បង្កើតក្រុមចម្រៀងថ្មីដំបូង មានឈ្មោះថា «EV Band» ។

ក្រុម «EV Band» មានសមាជិក៥នាក់​​ គឺលោក សែម សង្វាត, លោក ឃឹម ​ប៉ុណ្ណា​ដែត, លោក បូ​វិ ចិត្រ, កញ្ញា យក់​ ធិត ​រដ្ឋា និងកញ្ញា ឱក សុគន្ធ​កញ្ញា​។ ក្រោមការគ្រប់គ្រង ដោយលោក​ អៀ​ វឌ្ឍនា។ (សូម​បញ្ជាក់​ថា​៖ លោក​ អៀ​ វឌ្ឍនា បានទទួលមរណភាពកាលពីឆ្នាំ​២០១៧ នៅប្រទេស​បារាំង នៅពេលលោកទៅសម្រាកព្យាបាលជំងឺ។ មុនពេលលោក​មានជំងឺ​ លោក​ជាអ្នកគ្រប់គ្រង់ អ្នកចម្រៀង​ និងអ្នកសម្តែង​នៅផលិតកម្ម ថោន)។

ក្រុម «EV Band» ដែលមានសមាជិក៥នាក់ នាពេលនោះបានផលិតអាល់ប៊ុមចម្រៀងដំបូង​​ ជាកាសែតចម្រៀង គឺអាល់ប៊ុម «យើងជាយុវវ័យ» ច្រៀងរួមគ្នាទាំង៥នាក់។ អាល់ប៊ុមដំបូង​​នេះសុទ្ធតែបទចម្រៀងជាក្រុម ហើយទទួលការពេញនិយមសំរាប់យុវវ័យ​សម័យនោះ។ ដោយឡែកអាល់ប៊ុមបន្ទាប់ ដែលធ្វើឲ្យ ឱក សុគន្ធ​កញ្ញា លេចធ្លោមួយ កំរិតទៀតនោះគឺបទ «​មេឃគ្មានផ្កាយ»​។ ក្រោយពីសាងស្នាដៃរួមក្រុមបានត្រឹមតែបង្កើតចម្រៀងតាម​កាសែតប៉ុណ្ណោះ តែបទចម្រៀងនៃក្រុម «EV Band» បានឆក់ការចាប់អារម្មណ៌ពីយុវជនពេលនោះ ធ្វើឲ្យម្ចាស់ផលិតកម្ម «ស្ទឹងសង្កែ» ក៏បានអញ្ជើញ ក្រុម «EV Band» ចូលផលិតកម្ម «ស្ទឹងសង្កែ» ដោយផលិតឡើងវីញ CD ដំបូងរបស់​ «EV Band» ។​

ឆ្នាំ១៩៩៩ ​នៅក្នុងផលិតកម្ម «ស្ទឹងសង្កែ» កញ្ញា សុគន្ធ​កញ្ញា មានបទចម្រៀងជាច្រើន បទដែលបានទាក់ទាញអារម្មណ៌អ្នកស្តាប់ ដូចជាបទ «សប្បាយណាស់ពេលដែលឮស្រីយំ» បទ «ភ្លេចស្នេហ៌ភក្តី» ជាដើម។ ដើមឆ្នាំ​២០០៤ ផលិតកម្ម «ស្ទឹងសង្កែ» បានបិទទ្វាដោយសារបញ្ហារបស់ក្រុមហ៊ុន (នេះតាមការបញ្ជាក់ពីម្ចាស់ផលិតកម្ម «ស្ទឹងសង្កែ») និងស្របពេលដែលផលិតកម្ម «U2» បើកថ្មី។

ពេលនោះម្ចាស់ផលិតកម្ម «U2» បានអូសទាញ ​សុគន្ធ​កញ្ញា ឲ្យក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្ម។ នៅក្នុងផលិតកម្ម «U2» សុគន្ធ​ កញ្ញា តែងតែអង្រួនអារម្មណ៌អ្នកស្តាប់ តាមរយៈបទចម្រៀងជាច្រើនបទ ហើយបទខ្លះត្រូវបានដាក់បញ្ចូលក្នុងខ្សែភាយន្តភាពតាមកញ្ចាក់ទូរទស្សន៍ ដែលជាការទាក់ទាញ និងលើកកេរ្តិ៍ឈ្មោះ​ថែមមួយកំរិតទៀត។

បទចម្រៀដែល​លេចធ្លោនិងទាក់ទាញក្នុងផលិតកម្ម «U2» មានដូចជាបទ «ដានជើងក្របី» «ស្នាមស្នេហ៌សមុទ្ររៀម» ជាដើម។ ពេលក្លាយជាជាអ្នកចម្រៀង ប្រចាំផលិតកម្ម សុគន្ធ ​កញ្ញា មានឱកាសមកច្រៀងក្នុងក្លិប​កម្សាន្ត «U2» ដែលជាពេល​អាចរកចំណូលបានមួយចំណែកបន្ថែមទៀត។ នៅក្រោមទ្រនំផលិតកម្ម «U2» រយៈពេលប្រហែល៥ឆ្នាំ។ ដោយសារការប្រកួតប្រជែងលើវិស័យចម្រៀង នៅចុងឆ្នាំ២០០៧ ផលិតកម្ម «U2» ត្រូវបានប្រកាសបិទ។

នៅឆ្នាំ២០០៨ ឱក សុគន្ធ​កញ្ញា បានបង្ហើរសម្លេងក្នុងផលិតកម្មថ្មីមួយទៀត គឺផលិតកម្ម «រ៉ុក» ពេលនោះ សុគន្ធ​កញ្ញា ក៏មិនបាក់ស្រុតនូវ​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះក្នុង​វិស័យចម្រៀងនេះឡើយ។ កញ្ញា សុគន្ធ ​កញ្ញា នៅតែអង្រួនអារម្មណ៍អ្នកស្តាប់ជាដរាប ដូចជាបទ «បេះដូងរងគ្រោះ» ដែលត្រូវបានចាក់ចូលក្នុងខ្សែភាពយន្តភាពរឿងភាគ នៃស្ថានីយទួរទស្សន៍ CTN ជាដើម ហើយក៏ជាបទដ៏ទាក់ទាញបំផុតដែរ។ ក្នុងឆ្នាំដដែលនេះ នៅឯនៅផលិតកម្ម​ «Sunday» រយៈពេលខ្លី សុគន្ធ​កញ្ញា បានបន្សល់ស្នាដៃចម្រៀងជាច្រើន​បទ ក្នុងនោះបទដែលទទួលការទាក់ទាញនោះ គឺ​បទ​ «ទុកស្នាមថើបមួយក៏មិនព្រម»។

ជីវិតនិងការងារវិលចុះឡើង​មិនស្ថិតស្ថេរ ជ្រកក្រោមទ្រនំផលិតកម្ម ​«រ៉ុក» ​បានរយៈមួយឆ្នាំ សុគន្ធ​កញ្ញា បានទទួលការចាប់អារម្មណ៌ពីម្ចាស់ផលិតកម្មដ៏ល្បីមួយដែលជាក្រុមហ៊ុន ផលិត CD VCD DVD មុនគេក្នុងប្រទេសកម្ពុជា តាំងតែពីពេលដែល កញ្ញា ឱក សុគន្ធ​កញ្ញា ទើបបង្កើតក្រុម «EV Band» ម្ល៉េះនោះគឺផលិតកម្ម «ហង្សមាស»​។ ហើយក៏ជាទីកន្លែងដែល សុគន្ធ ​កញ្ញា​ បានជួបនឹង «គូជីវិត» ហើយក្លាយភរិយាប្អូនប្រុស​បន្ទាប់ពៅ របស់ថៅកែផលិតកម្ម «ហង្សមាស» ​នេះតែម្តង។

​បទដំបូងនៅក្នុងផលិតកម្ម «ហង្សមាស» ដែល​កញ្ញា ឱក សុគន្ធ​កញ្ញា បានទទួលការសរសើរខ្លាំងនោះគឺបទ «យុត្តិធម៌គ្មានទេសម្រាប់​មនុស្សស្មោះ»។ ក្នុងផលិតកម្ម «ហង្សមាស»​ និង​ «រស្មីហង្សមាស» សុគន្ធកញ្ញា​​ បានបង្កើនស្នាដៃចម្រៀងដ៏ច្រើនរាប់រយបទ​ ហើយក្លាយជា «តារា​ចម្រៀង​ក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់ស្រទាប់ទាន់ថ្នាក់»។

សុគន្ធ​កញ្ញា បានចាប់ដៃគូចម្រៀងល្អឥតខ្ចោះនិងស៊ីសង្វាកគ្នានោះគឺ លោក ឆន​ សុវណ្ណារាជ រហូតដល់អ្នកគាំទ្រផ្គួរផ្គងគ្នាថា​​ «ជាគូស្នេហ៌ដ៏សក្តិសម» ទៀតផង។

ក្រៅពីជាតារាចម្រៀងក៏បានឆក់ឱកាសសម្តែង​សមតាមសាច់រឿង នៃបទចម្រៀង ​(MV) ផងដែរ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សុគន្ធ​ កញ្ញា មានឱកាសកាន់តែលេចធ្លោនោះ គឺបានថ្នាក់ដឹកនាំកម្មវីធីអន្តរជាតិល្បីៗជ្រើសរើសជា «Coach» ក្នុងកម្មវីធី «The Voice Cambodai» ជាលើកដំបូង ហើយបន្ទាប់មកទៀតកម្មវីធី «Cambodai idol» និង «The Voice kide»។ ក្រៅពីកិច្ចការសិល្បៈក៏ត្រូវបានម្ចាស់ផលិតផលជាច្រើនចាប់អារម្មណ៏ យកជាតំណាងផលិតផលគេ ដែលចុងក្រោយនេះក្រុមហ៊ុន​អលចនទ្រព្យ ជីបម៉ុង អញ្ជើញជាតំណាងក្រុមហ៊ុនផងដែរ។

* ជីវិតស្នេហា

ដូចបាន​ជម្រាបខាងដើម ទ្រនំ ​«ហង្សមាស» ជាកន្លែងដែល សុគន្ធ​កញ្ញា បានជួប​បុរសកំពូលស្នេហ៌ ហើយបានក្លាយជាគូស្វាមីភរិយា ​ក្រោយពីស្វែងយល់ចិត្តគ្នាអស់មួយ រយៈពេល។ មកដល់ថ្ងៃទី១៦​ ខែ​ឧសភា ឆ្នាំ​២០១៩ គឺជាថ្ងៃពិសេសដែលគូស្វាមិភរិយាថ្មីរង់ចាំ​ និងអ្វីដែលរំភើបបំផុតរបស់កំពូងតារាចម្រៀងស្រី ប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៉ឹង សុខលី ដែលជាប្អូនប្រុសអគ្គនាយកហង្សមាស។ រឹតតែមានកិត្តិយសទៀតនោះគឺ មានការអញ្ជើញចូលរូមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ ជាមួយនឹងវត្តមានរបស់សម្តេចទាំងទ្វេ នៅពេលនេះបានធ្វើឲ្យកូនក្រមុំកំលោះទាំងពីរ ញញឹមបិទមាត់មិនជិតតែម្តង។

ថ្ងៃមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹង លោក អ៉ឹង សុខលី ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ជាមួយនឹងបរិយាកាស ការតុបតែងយ៉ាងល្អឥតខ្ចោះ អមដោយផ្ការាប់រយទងលម្អរពាសពេញពិធីតែម្តង។ អ្វីដែលពិសេសត្រូវបានគេមើលឃើញថា ក្នុងពិធីហែរជំនួន គឺមានញាតិមិត្តជាច្រើនចូលរួម ប្រកបដោយស្នាមញញឹម ទាំងអ្នកសិល្បៈប្រុសស្រីល្បីៗ និងអ្នកតូចអ្នកធំ។ កាន់តែពិសេសជាងនេះឈានដល់ពិធីកាត់សក់ ទឹកមុខកូនក្រមុំកំលោះ បានបង្ហាញពីក្តីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានការអញ្ជើញចូលរួមយ៉ាងពិសេស ពីសំណាក់ថ្នាក់ដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។​

ក្រោយថ្ងៃរៀបមង្គលការរួចគូស្វាមីភរិយាថ្មី បានដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំនៅទ្វីបអឺរ៉ុប ជាច្រើនប្រទេស។ រូបភាពនៃការក្រេបចន្ទទឹកឃ្មុំរបស់អ្នកទាំងពីរ តាមរយៈការបង្ហាញក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ឃើញថាអ្នកទាំងពីរពិតជាមានសេចក្តីសុខនិងសុភមង្គលណាស់។ ក្រោយពីវិលត្រលប់មកពីក្រេបចន្ទទឹកឃ្មុំវិញមិនបានប៉ុន្មានផង ក៏លេចឮថា អ្នកទាំងពីរទទួលបានកំណើតបុត្រម្នាក់ ដំណឹងនេះត្រូវបានទទួលការសាទរពីក្រុមគ្រួសារ និងអ្នកគាំទ្រគ្រប់ៗគ្នា។ បានរយៈពេលជាងមួយឆ្នាំ សុគន្ធ កញ្ញា បានប្រសូត្របុត្រម្នាក់ ហើយទារកតូចមួយដ៏ស្រស់ស្អាតមានសុខភាពរឹងមាំ ទាំងម្តាយនិងកូន ហើយទារកនោះបានបង្កក់ឈ្មោះថា «ឆលី»។

* ការងារក្រៅសិល្បៈ

ក្រោមភាពល្បីល្បាញក្នុងវិស័យសិល្បៈ លោកស្រី ឱក សុគន្ធ​កញ្ញា ត្រូវបានទាក់ទាញយ៉ាងខ្លាំងពីវីស័យពាណិជ្ជកម្មនាស័មទំនើបនេះ។ រយៈពេល២ឆ្នាំប៉ុណ្ណោះ ឱក សុគន្ធ​កញ្ញា បានឈរលើទីតាំងនេះដោយក្លាយជាទូតសុឆន្ទៈ និងតំណាង​ផលិផលចំនួនរួម​មាន៖ Chip Mong Land, Nutrimum, Puma, Midea, ASK Brand, An cha Taiwan Milk Tea, Tick Coffe និង​​ សំណង់ R&F។បើតាមការឲ្យដឹងពីតំលៃពីស្ថាប័ននានាៗតាមកិច្ចសន្យារយៈពេលនិងទំហំ​ការងារនោះអាចមានតម្លៃចាប់​ពី ៣ម៉ឺន ទៅ ជាង១០ម៉ឺនដុល្លារ ព្រមទាំងមានការងារផ្សេងៗទៀតផងដែរ។

សុគន្ធ កញ្ញា ពេលដែលបានឈរជើងក្នុងផលិតកម្ម «ហង្សមាស» មក សុគន្ធកញ្ញា មិនដែលចេញទៅច្រៀងនៅក្រៅប្រទេសឡើយ នេះមកពី សុគន្ធកញ្ញា ជាប់រវល់នឹងកិច្ចការ ច្រៀងឲ្យផលិតកម្មច្រើនជាង។ ដោយជាប់ជាកំពូលតារាចម្រៀងប្រចាំប្រទេស ពិតជាមហាជន ក៏ដូចជាអ្នកគាំទ្រចង់ដឹងណាស់ថា តំលៃនៃការច្រៀងក្នុងផលិតកម្ម គ៏ដូចជាការច្រៀងក្នុងកម្មវីធីប្រគំតន្ត្រីនានាៗនោះមានកម្រិតណា? ចំពោះចម្លើយនេះយើងបានស្វែងរកព័ត៌មានចែកជូន តែអ្វីដែលយើងទទួលបាននោះគឺ ការច្រៀងក្នុងផលិតកម្ម យើងពុំអាចដឹងបានទេព្រោះថា នេះជាកិច្ចការរបស់ផលិតកម្មជាមួយអ្នកស្រីផ្ទាល់។ ឯការចេញច្រៀងតាមកម្មវីធីប្រគំតន្ត្រីនោះ តាមការឲ្យដឹងពីម្ចាស់ផលិតផលខ្លះប្រាប់ថា មានតំលៃពី៣០០០ដុល្លារ ទៅ ៥០០០ដុល្លារ តាមផលិតផល និងទីតាំងឆ្ងាយជិតទាំងអស់នេះរាប់បញ្ចូលទាំងអ្នករាំផងដែរ។ ដោយឡែកការច្រៀងក្នុងកម្មវីធីមង្គលការ អាចមានពី២៥០០ដុល្លារ ទៅ៣០០០ដុល្លារ ។ បើគិតជាតំលៃនេះគឺសក្ដិសមនឹងកេរ្តិ៍ឈ្មោះជាតារាចម្រៀងជួរមុខលំដាប់ប្រទេស តែបើប្រៀបធៀបនឹងរាតាចម្រៀងប្រទេសក្រៅឃើញថា តំលៃនេះនៅកំរិតទាបនៅឡើយ។

* បញ្ហា ​និងវិបត្តិ

ឱក សុគន្ធ​កញ្ញា រយៈពេលនៃការកសាងកេរ្តិ៍ឈ្មោះក្នុងសង្គម ត្រូវបានចាត់ទុកថា​ជាបុគ្កលឆ្នើមមួយរូប ធ្វើឲ្យមានការកោតសរសើ​ស្ទើរគ្រប់មជ្ឈដ្ឋាន តែទោះជាយ៉ាងណា ក៏មិនអាចគេចផុត​ពី «វិបត្ត»ឡើយ។ រយៈពេលនៃការកសាងកេរ្តី៍ឈ្មោះកញ្ញា ឱក សុគន្ធ​កញ្ញា ​​បានលេចរឿង២ ដែលត្រូវបានអ្នកគាំទ្រ​ចង់ដឹងខ្លាំង​ដែលធ្វើឲ្យអ្នកឆក់ឱកាស ដើម្បីប្រយោជផ្ទាល់ខ្លួនពង្រីកព័ត៌មាន ដើម្បីទាក់ទាញចំណាប់អារម្មណ៌នៃអ្នកអានរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស​របស់អ្នកស្រី។

វិបត្តិទី១៖ កើតឡើងនៅពេល សុគន្ធកញ្ញា នៅផលិតកម្ម U2 ពេលនោះមានព័ត៌មានចុះផ្សាយថា​ កញ្ញាមានទំនាក់ទំនង់ស្នេហាជាមូយ​ លោក​ រ៉េត​ធី ដូណា ជាសិល្បករតន្រ្តីសម័យ​កាន់​ឧបករណ៍ «ស្គរ» ដែលធ្វើឲ្យមហាជនអ្នកគាំទ្រ ឱក សុគន្ធ​កញ្ញា ​​ចង់ដឹងយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាពេលនោះ ឱក​ សុគន្ធ​កញ្ញា បានបកស្រាយថា «ភាពស្និតស្នាលនេះ​គ្រាន់តែជា​ទំនាក់ទំនងជាមិត្ត​រួមការងារប៉ុណ្ណោះ»។ ហើយវិបត្តិនេះក៏បាន​ស្ងាត់បាត់ទៅវីញរហូតដល់ពេលនេះ ។ ​

វិបត្តិទី២៖ នៅថ្ងៃ Father's Day ត្រូវនឹងថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០២០នេះ លោក​ ឱក បូនី ដែលគេដឹងគ្រប់គ្នាថាជា​ឪពុករបស់អ្នកស្រី ឱក សុគន្ធ​កញ្ញា ​​បានបង្ហោះ​សារក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយរំលេច​ពាក្យថា​ «​កូនមិនស្គាល់​ឪតែ​ឪនៅចាំឈ្មោះកូន ព្រោះឈ្មោះនេះ​ឪជាអ្នកដាក់ឲ្យ» ភ្លាមៗនោះអ្នកសារព័ត៌មាន ផ្តើមលើកជាប្រធានបទ​ក្នុង​អត្តបទរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៌ពីអ្នកអានរបស់ខ្លួន។ ក្រោយពីព័ត៌មាននេះបានបង្ហោះត្រូវបាន ​«Share» ព្រោងព្រាតតាមបណ្តេញសង្គម។ ពេលនោះដែល ឱក សុគន្ធកញ្ញា​ បានបង្ហោះ​សារ​យ៉ាងខ្លី​​ ដែលគ្រប់គ្នាដឹងថា ​ជាសារដែលឆ្លើយតបទៅលោក ឱក បូនី សារខ្លីនោះមាន «ហេតុអ្វីបានជាគាត់និយាយអញ្ចឹង​»។ មួយរយៈពេលខ្លីក៏បានស្កប់ទៅវិញ។ គ្រប់ៗគ្នាបានដឹងថា ឱក សុគន្ធ​កញ្ញា ​​តាំងពីតូចមកតស៊ូទៅណាមកណាតែម្នាក់ឯង​ និងម្តាយ​ប៉ុណ្ណោះ គ្រប់ៗគ្នាដឺងថា​ឪពុកនាងបានបែកបាក់គ្នា​តាំងពីនាងនៅកុមារម្ល៉េះ។ ទោះជាយ៉ាងណាក៏​ វិបត្តិទាំងនេះមិនបានប៉ះពាល់ដល់ការងារ និង​ការតស៊ូរបស់អ្នកស្រី ឱក សុគន្ធ​កញ្ញា ​​ឡើយ។

* ទ្រព្យសម្បត្តិ

គ្រប់គ្នាដឹងថា ឱក សុគន្ធ​កញ្ញា តារាចម្រៀង​លំដាប់ជួរមុខប្រចាំ​ប្រទេស ដូចនេះពិតណាស់អ្នកគាំទ្រគ្រប់គ្នាចង់ដឹងថា ​តើ ឱក សុគន្ធ​កញ្ញា មានទ្រព្យ​សម្បត្តិប៉ុន្មានក្រោមភាពល្បីល្បាញនេះ?។ តែទោះជាយ៉ាងណាយើងមិនអាចរកតួលេខច្បាស់ឡើយ។ តាមប្រភពព័ត៌មានបានដឹងបានថា​ ឱក សុគន្ធ​កញ្ញា មានហាងសំអាង​ការមួយកន្លែងក្នុងក្រុងភ្នំពេញ។ មានផ្ទះផ្ទាល់ខ្លួនមុនរៀបការជាប្រភេទ «ខុនដូ» ដែលមានទីតាំងនៅតំបន់សំរាប់អ្នកមានលំដាប់ក្នុងប្រទេស គឺទីក្រុងកោះពេជ្រ ​«CONDO» នេះ​មានតំលៃរាប់សែនដុល្លារ និងផ្ទះវីឡាទោលមួយកន្លែងទៀតក្នុង «បុរីអ័រគីដេ​ ផ្លូវ​២០០៤» ដែលមានតំលៃមិនក្រោម៥០ម៉ឺនដុល្លារឡើយ។ សព្វថ្ងៃកញ្ញា ប្រើរថយន្តផ្ទាល់ខ្លួន តូយ៉ាតាម៉ាក ​​«​​SIENNA ស៊េរីថ្មី» ពណ៌ខ្មៅ ​ដែលមានតំលៃប្រហែលជិត១០ម៉ឺនដុល្លារ ហើយកញ្ញាប្រហែលអាចមានអចលនទ្រព្យផ្សេងៗទៀត។

* ទម្លាប់ និងចំណូលចិត្ត

ពេលចេញខាងក្រៅ ឱក សុគន្ធ​កញ្ញា​ និយម​សម្លៀកបំពាក់សាមញ្ញ ពាក់មួក ​វែនតាខ្មៅ និងស្បែកជើងប៉ាតតា ដែលទាំងអស់មានម៉ាក «PUMA»។ កាបូបម៉ាក «ASK» ជាម៉ាកផ្ទាល់ខ្លួន​ ដែលជាការចេញម៉ូដដោយស្នាដៃកូនខ្មែរ​ មានលក់នៅហាងក្នងផ្សារអូឡាំពិក។ នៅក្នុងកម្មវិធីសង្គមបែបស៊ីវិល័យ សុគន្ធកញ្ញា ​និយមគ្រងសម្លៀកបំពាក់ ស្របតាមកម្មវីធី​ភាគច្រើន​ជាម៉ាក «PUMA» ឯគ្រឿងអលង្កា ពេជ្រ ស្របតាមសម្លៀកបំពាក់ និងមិនសូវនិយមទំហំធំឡើយ។ ដោយឡែកក្នុងកម្មវិធីសង្គម បែបប្រពៃណី​និយម ចេញម៉ូដដោយផ្ទាល់ និងមានជាងផ្ទាល់ខ្លួនដែរ ដោយឡែកគ្រឿងអលង្កា មាសពេជ្រ ជាលក្ខណៈគ្រឿងឈុត​ស្របនឹងឈុតសម្លៀកបំពាក់នោះ។ ឯក្នុងកម្មវីធីជប់លៀងក្នុងសង្គម សុគន្ធកញ្ញានិយមចូលចិត្ត «ស្រាក្រហម» ជាង «ស្រាវីស្គី» និងភេជ្ជ «ទឹកបរិសុទ្ធ» ។ ជាទម្លាប់កញ្ញាតែងពិសារអាហារពេលព្រឹកនៅផ្ទះ និងចំអិនដោយផ្ទាល់។ ជាទូទៅទម្លាប់ពេលធ្វើការងារ កញ្ញាតែងតែទៅមុនពេល៥នាទីជានិច្ច៕