(ពិភពលោក)៖ ដូចដែលយើងដឹងហើយថា អាហារគឺជាប្រភពដ៏ចម្បងនៃថាមពលសម្រាប់កែសម្រួលមុខងារនៃសារពាង្គកាយ។ អាហារមិនត្រឹមតែជួយបង្កើនថាមពលប៉ុណ្ណោះទេ គឺថែមទាំងជួយការពារឆ្អឹងឲ្យរឹងមាំ ជួយសាច់ដុំពេលធ្វើចលនា និងជួយដល់ប្រព័ន្ធប្រសាទផងដែរ។ អាហារក៏ជួយរក្សាតុល្យភាព សម្រាប់ធ្វើសកម្មភាពឆ្លើយតបនឹងប្រតិកម្មខាងក្រៅ ដែលសម្តៅមកសារពាង្គកាយយើងទៀតផង។ ប្រសិនបើយើងញ៉ាំអាហារមិនទៀងពេល វានឹងធ្វើឲ្យយើងឆាប់ខឹង និងមានអារម្មណ៍ម៉ួម៉ៅជាដើម។ និយាយដោយខ្លីទៅ នេះជាធម្មជាតិរបស់យើង ក្នុងការតម្រូវឲ្យមានការបរិភោគប្រចាំថ្ងៃ។

ខណៈពេលដែលមនុស្សមិនអាចរស់នៅបានដោយគ្មានអាហារយ៉ាងតិច ២ដងក្នុង១ថ្ងៃនោះ មានសត្វមួយចំនួន ដែលអាចរស់នៅដោយមិនស៉ីចំណី និងផឹកទឹក បានរយៈពេលលើសពី ១ខែ និងខ្លះទៀតអាចបាន ១០ឆ្នាំឯណោះ។ តើសត្វទាំងនោះ មានអ្វីខ្លះ?

ថ្ងៃនេះ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីសត្វ១០ប្រភេទ ដែលអាចរស់នៅដោយអត់ចំណីបានពី ១ខែដល់១០ឆ្នាំ ដូចតទៅ៖

* ១៖ សត្វ Olms៖ Olms គឺជាសត្វម្យ៉ាងដែលរស់នៅតាមរូងថ្ម ដែលសម្បូរនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ ហើយសត្វនេះអាចអត់ចំណីបាន១០ឆ្នាំ។ វាអាចអត់បានយូរយ៉ាងនេះ ដោយសារអាស្រ័យលើស្ថានភាពដែលវារស់នៅ ពោលនៅពេលចំណីខ្វះខាត សត្វប្រភេទនេះកាត់បន្ថយការរំលាយអាហារ និងការធ្វើសកម្មភាពផ្សេងៗ បន្ទាប់មកក៏បញ្ចេញជាលិកា ដើម្បីផ្គត់ផ្គង់រាងកាយ។ ប្រវែងរបស់វាជាមធ្យម៣០សង់ទីម៉ែត្រ ហើយពិសេសបំផុតអាយុកាលរបស់វាអាចរស់ដល់៦៩ឆ្នាំ។

* ២៖ អូដ្ឋ (Camels)៖ បូកលើខ្នងសត្វអូដ្ឋ ផ្ទុកទៅដោយសារធាតុខ្លាញ់ជាច្រើន ដែលធ្វើឲ្យសត្វប្រភេទនេះ អាចរស់នៅដោយមិនផឹកទឹកបាន ៤០ថ្ងៃ អំឡុងពេលវាធ្វើដំណើរឆ្លងកាត់វាលខ្សាច់។

* ៣៖ សត្វពស់ (Snakes)៖ ចំណុចដ៏ល្អបំផុតសម្រាប់សត្វពស់ គឺការរំលាយអាហាររបស់សត្វប្រភេទនេះ ត្រូវបានកាត់បន្ថយ៧០% ក្នុងស្ថានភាពដែលមានអាកាសធាតុត្រជាក់ ដូច្នេះពួកវាអាចរស់នៅដោយគ្មានចំណីបានពេញមួយឆ្នាំ។

* ៤៖ ត្រីឆ្លាម (Sharks)៖ ត្រីឆ្លាម អាចរស់នៅបានដោយគ្មានចំណីរយៈពេល ពី៨ ទៅ១០សប្តាហ៍។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថាសត្វប្រភេទនេះ រស់នៅបានកាន់តែយូរដោយមិនមានចំណី នៅពេលដែលពួកវារកចំណីបានប្រភេទល្អៗ។

* ៥៖ Penguin៖ Penguin គឺជាបក្សីម្យ៉ាងនៅសមុទ្រអង់តាកទិច។ អាកាសធាតុត្រជាក់ ជួយកាត់បន្ថយតម្រេកចំណីរបស់ពួកវា ដូច្នេះវាអាចរស់នៅបានដោយគ្មានចំណីរយៈពេល ២ទៅ៤ខែ។ ចំពោះបក្សីប្រភេទនេះដែរ សត្វញីចេញទៅរកចំណីនៅកន្លែងដែលមានសីតុណ្ហភាពក្រោមសូន្យ ខណៈពេលដែលសត្វឈ្មោលនៅចាំសម្បុកដើម្បីមើលកូនៗ។

* ៦៖ កង្កែប Burrowing (Burrowing Frogs)៖ កង្កែប Burrowing ភាគច្រើនត្រូវគេប្រទះឃើញនៅកន្លែងដែលមានលក្ខណៈសើម ហើយពួកវាអាចរស់នៅបានចាប់ពី ១៦ខែឡើងទៅ ដោយគ្មានចំណី។

* ៧៖ ក្រពើ (Crocodiles)៖ អ្នកនឹងចាប់អារម្មណ៍ខ្លាំងបើដឹងរឿងខ្លះៗពីសត្វក្រពើ ដែលជាប្រភេទល្មូនម្យ៉ាងនៅលើផែនដីយើងនេះ អាចរស់នៅបានរាប់ខែ ដោយគ្មានចំណី ហើយកាន់តែពិសេសនោះ វាអាចអត់ចំណីបានលើសពី ៣ឆ្នាំឯណោះ។ ក្រពើរក្សាថាមពលតាមរយៈការធ្វើចលនាយឺតៗ ហើយពេលខ្លះមិនកម្រើកទាល់តែសោះ បន្ទាប់ពីវាស៉ីចំណីរួច។

* ៨៖ ពីងពាង (Spiders)៖ ពេលរកចំណី សត្វពីងពាង ត្រូវតែរង់ចាំចំណីលើសំបុកយ៉ាងយូរ ពេលខ្លះកាន់តែយូរដោយគ្មានកំណត់ពេល។ ប៉ុន្តែអត់បញ្ហាឡើយ ព្រោះថាសត្វប្រភេទនេះ ត្រូវបានធម្មជាតិបង្កើតឡើងឲ្យអាចរស់នៅដោយគ្មានចំណីលើសពី ១ឆ្នាំបាន។

* ៩៖ ខ្លាឃ្មុំ (Bears)៖ ខ្លាឃ្មុំដេកច្រើនណាស់ ជាពិសេសអំឡុងពេលរដូវរងារ ហើយការដេកធ្វើឲ្យវាអាចកាត់បន្ថយការរំលាយអាហារពាក់កណ្តាល ដែលប្រការនេះធ្វើឲ្យវាអាចអត់ចំណី និងទឹកបានលើសពី ១០០ថ្ងៃ។

* ១០៖ អណ្តើក Galápagos (Galápagos Tortoises)៖ ពួកអណ្តើកប្រភេទនេះ ជាទូទៅអាចរស់នៅដោយគ្មានចំណី ឬទឹកបានលើសពី ១ឆ្នាំ៕