(បរទេស)៖ តារាភាពយន្តល្បីឈ្មោះ Tom Hanks បានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូង បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩។ តាមរយៈបង្ហាញខ្លួននេះ លោកបានបំផុតឲ្យមនុស្សគ្រប់រូបពាក់ម៉ាស់ ដើម្បីការពារ ពីការឆ្លងជំងឺកូវីដ១៩។ ក្នុងបទសម្ភាសន៍ លោកបាននិយាយថា «ការពាក្យម៉ាស់ ជារឿងដែលងាយស្រួលជាទីបំផុត»

តាមរយៈបញ្ចេញមុខលើកដំបូង ក្នុងកម្មវិធីមួយរបស់ «TODAY» នាពេលថ្មីៗនេះ Tom Hanks បាននិយាយថា «ពាក់ម៉ាស់, រក្សាគម្លាតសង្គម, លាងសំអាតដៃ គឺជារឿងតូចតាចមួយ តែវាបានន័យថា អ្នកចូលរួមធ្វើឲ្យផ្ទះ,ការងារ,ទីក្រុង និងសង្គមរបស់អ្នកមានភាពប្រសើរឡើង»

តារាហូលីវូដ វ័យ៦៣ Tom Hanks និងភរិយា Rita Wilson សុទ្ធតែបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ នៅអំឡុងខែមីនា។ អ្នកទាំងពីរបានក្លាយជាតារាល្បីដំបូង ដែលបានប្រកាសថាទៅកាន់អ្នកគាំទ្រថា ពួកគេបានឆ្លងកូវីដ១៩ ដែលដំណឹងនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងកាលៈទេសៈប្រយុទ្ធផ្ទាល់ជាមួយ Covid-19, Hanks បានប្រាប់កាសែត The Guardian ថាលោកនិងប្រពន្ធមានអាការៈ និងប្រតិកម្មខុសប្លែកពីគ្នា។

Hanks បាននិយាយថា ប្រពន្ធរបស់លោកមិនអាចស្រង់ក្លិន និងរសជាតិបានទេ ហើយមានការក្អួតចង្អោរ និងមានគ្រុនក្តៅខ្លាំង ខណៈលោកគ្រាន់តែឈឺខ្លួនប្រាណ និងអស់កំលាំងគ្រប់ពេលវេលា ហើយលោកមិនអាចផ្តោតអារម្មណ៍លើអ្វីមួយ លើសពី១២នាទីបានទេ។

លោក Hanks ដែលចូលរួមសម្តែងក្នុងខ្សែភាពយន្ត និយាយពីសង្រ្គាមលោកលើកទី២ ចំណងជើងថា «Greyhound» គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃសុក្រ លើកញ្ចក់ទូរទស្សន៍ Apple TV+ បាននិយាយថា ជនជាតិអាមេរិកចាំបាច់ត្រូវតែមានស្មារតីបង្រួបបង្រួមគ្នា ខណៈកំពុងជួបសង្គ្រាមកូវីដ១៩។

គួរបញ្ជាក់ថា តាំងពីជាសះស្បើយឡើងវិញពីកូវីដ១៩ Tom Hanks បានបរិច្ចាគ Plasma (ធាតុម្យ៉ាងនៅក្នុងឈាម) របស់លោក ដោយសង្ឃឹមថា នឹងត្រូវបានប្រើប្រាស់ក្នុងការស្រាវជ្រាវ ប្រឆាំងនឹងកូវីដ១៩៕