(បរទេស)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១១ កងកម្លាំងយោធាពិសេសរបស់សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការលុកលុយទៅលើទីតាំង លាក់ខ្លួនមួយកន្លែងរបស់ក្រុមភេរវករអាល់កៃដា នៅឯទីក្រុងអាបុតតាបាដ (Abbottabad) ក្បែររដ្ឋធានីអ៉ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន ហើយសម្លាប់មេភេវករ ធំបំផុតនៅលើពិភពលោកគឺ អូសាម៉ា បិនឡាដិន (Osama bin Laden)។ ប្រតិបត្តិការទាំងស្រុងនោះ មានរយៈពេលត្រឹម៤០នាទីប៉ុណ្ណោះ គិតតាំងពីការចាប់ផ្តើមរហូតដល់ចប់ តែវាជាសមិទ្ធផលបានមកពីការខិតខំប្រឹងប្រែងស៉ើបការណ៍ រៀបចំខ្លួន និងហ្វឹកហាត់ដោយផ្ចិតផ្ចង់បំផុតអស់រយៈពេលជាច្រើនឆ្នាំ។

មេភេរវករអាល់កៃដា បិនឡាដិន ដែលជាមេក្លោងនៅពីក្រោយមហាភេរវកម្ម លើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ត្រូវក្រុមយោធាពិសេសអាមេរិក សៀលធីមស៉ិក (SEAL Team Six) រកឃើញនិងបាញ់សម្លាប់ក្នុងពេលត្រឹម៩នាទី នៃការចាប់ផ្តើមប្រតិបត្តិការ។ រយៈពេលប្រមាណជិត១០ឆ្នាំ ក្រោយព្រឹត្តិការណ៍ភេរវកម្ម «១១/កញ្ញា» ទើបសហរដ្ឋអាមេរិកអាចស្វែងរកឃើញកន្លែងលាក់ខ្លួនរបស់ បិនឡាដិន និងផ្តាច់ជីវិតមេភេរវកររូបនេះ ។

* CIA រកឃើញអ្នកនាំសារម្នាក់របស់ អូសាម៉ា បិនឡាដិន និងផ្ទះធំមួយខ្នងនៅប៉ាគីស្ថាន

ក្រុមមន្រ្តីចារកម្មអាមេរិក បានរកឃើញឈ្មោះពិតនៃអ្នកនាំសារម្នាក់របស់ អូសាម៉ា បិនឡាដិន នៅខ្ទង់ឆ្នាំ២០០៧ ។ ពួកគេមានការ សង្ស័យថា អ្នកនាំសាររូបនោះប្រហែលជាបុគ្គលដ៏សំខាន់ម្នាក់ ដែលអាចជួយឲ្យពួកគេរកឃើញទីតាំងលាក់ខ្លួនរបស់ បិនឡាដិន ខណៈបិនឡាដិន បានបាត់ដានអស់ជាច្រើនឆ្នាំ។

មកដល់ចុងឆ្នាំ២០១០ ក្រុមអ្នកវិភាគនៃចារកម្មអាមេរិក ក៏បានរកឃើញបន្ថែមទៀតនូវទំនាក់ទំនងរវាងអ្នកនាំសារខាងលើ ជាមួយនិងទីតាំងលំនៅឋានធំមួយ ដែលមានលក្ខណៈការពារសន្តិសុខខ្ពស់ ស្ថិតនៅក្រុងអាបុតតាបាដ ចម្ងាយជាង៥០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី អ៉ីស្លាម៉ាបាដ របស់ប៉ាគីស្ថាន។

ដោយសារតែលក្ខណៈការពារប្លែកពីធម្មតានៃទីតាំងនោះ បូករួមជាមួយព័ត៌មានស៉ើបការណ៍បន្ថែមជាបន្តបន្ទាប់ទៀត បានញ៉ាំងឲ្យក្រុមចារកម្មអាមេរិកសង្ស័យថា វាគឺជាកន្លែងស្នាក់នៅលាក់ខ្លួនរបស់ អូសាម៉ា បិនឡាដិន។ CIA ក៏បានសហការជាមួយគ្រូពេទ្យប៉ាគីស្ថាន ដើម្បីរៀបចំឲ្យមានការចាក់វ៉ាក់សាំងលើក្មេងៗ ដែលមានវត្តមានក្នុងផ្ទះនោះផងដែរ ក្រោមក្តីសង្ឃឹមថានឹងអាចទទួលបានសំណាកយក មកធ្វើតេស្តកំណត់អត្តសញ្ញាណឲ្យប្រាកដថា បិនឡាដិន ពិតជាស្នាក់នៅក្នុងនោះមែនឬយ៉ាងណា។ ប៉ុន្តែវាមិនច្បាស់ទេថា សំណាកត្រូវប្រមូលយកបានដែរ ឬក៏អត់ទេ។

* ការហ្វឹកហាត់ត្រៀមខ្លួន និងការចាប់ផ្តើមជាផ្លូវការនៃប្រតិបត្តិការចូលលុកលុយទីតាំងខាងលើ

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ លោក បារ៉ាក់ អូបាម៉ា ដែលពេលនោះជាប្រធានាធិបតីអាមេរិក បានអនុញ្ញាតឲ្យកងកម្លាំងប្រតិបត្តិការ ពិសេសហៅថា SEAL Team Six ជាអ្នកចេញប្រតិបត្តិការលុកលុយទីតាំងលាក់ខ្លួនរបស់ អូសាម៉ា បិនឡាដិន។ ភ្លាមៗនោះពួកគេបានចាប់ផ្តើមធ្វើការហាត់សមត្រៀមសម្រាប់ប្រតិបត្តិការពិតប្រាកដ ដែលរួមមានការអនុវត្តនៅក្នុងទីតាំងមួយ ដែលត្រូវបានសាងសង់ឡើងឲ្យដូចកន្លែងលាក់ខ្លួនរបស់ បិនឡាដិន ផងដែរ។

ប្រតិបត្តិការមែនទែន ដែលមានឈ្មោះថា «ណិបទូនស្ពៀរ Neptune Spear» បានចាប់ផ្តើមនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១១ ជាពេលវេលាក្នុងតំបន់នៅប៉ាគីស្ថាន។ ប្រតិបត្តិការ Neptune Spear បានប្រព្រឹត្តទៅដូចខាងក្រោម។

ថ្ងៃទី០១ ខែឧសភា៖

ម៉ោង១០៖២៥នាទីយប់ - លោក អូបាម៉ា និងក្រុមមន្រ្តីជាន់ខ្ពស់របស់លោក បានផ្តល់ការអនុញ្ញាតជាផ្លូវការ ឲ្យចាប់ផ្តើមប្រតិបត្តិការ Neptune Spear។

ម៉ោង១០៖៥១នាទីយប់ - ឧទ្ធម្ភាគចក្រប្ល៊ែគហាក (Black Hawk) ប្រភេទបំបាំងកាយចំនួន២គ្រឿង ដែលដឹក SEAL Team Six សរុបចំនួន២៥នាក់ បានហោះចេញពីមូលដ្ឋានយោធាអាមេរិក នៅអាហ្វហ្គានីស្ថាន។

ថ្ងៃទី០២ ខែឧសភា៖

ម៉ោង០០៖៣០នាទីរំលងអធ្រាត្រ - ឧទ្ធម្ភាគចក្រទាំង២គ្រឿង បានចុះនៅទីតាំងលាក់ខ្លួនរបស់ បិនឡាដិន ក្នុងទីក្រុងអាបុតតាបាដ។ ពេលនោះឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ ប៉ុន្តែមិនបានបង្កឲ្យមានអ្នករងរបួសឡើយ ហើយបេសកកម្មនៅតែបន្តប្រព្រឹត្តទៅជាធម្មតា ដោយពុំមានការរាំងស្ទះទេ។

ម៉ោង០០៖៣៩នាទីរំលងអធ្រាត្រ - អូសាម៉ា បិនឡាដិន ត្រូវបានរកឃើញ នៅជាន់ទី៣ នៃអគារក្នុងទីតាំងនោះ ហើយត្រូវក្រុម SEAL Team Six បាញ់ចំក្បាល បណ្តាលឲ្យស្លាប់មួយរំពេច។ កំឡុងប្រតិបត្តិការលុកលុយនោះ បុរស៣នាក់ផ្សេងទៀត រួមមាន ម្នាក់ជាកូនប្រុសបង្កើតរបស់បិនឡាដិន ព្រមទាំងស្រ្តីម្នាក់ ក៏ត្រូវបានបាញ់ស្លាប់ផងដែរ។ ពាក្យ «ជែកផត (Jackpot)» ត្រូវគេប្រើសម្រាប់សម្គាល់ បិនឡាដិន និងពាក្យមួយទៀតគឺ «ចឺរ៉ូមីណូ (Geronimo)» សម្រាប់បញ្ជាក់ថា បិនឡាដិន ត្រូវបានចាប់ខ្លួន ឬសម្លាប់។

ម៉ោង០០៖៥៣នាទីរំលងអធ្រាត្រ - លោក អូបាម៉ា ទទួលបានដំណឹងជាបឋមថា បិនឡាដិន ត្រូវបានរកឃើញ និងស្លាប់បាត់ហើយ។

ម៉ោង០០៖៥៥នាទីរំលងអធ្រាត្រ - ក្រុម SEAL Team Six បានយកសាកសព បិនឡាដិន ពីជាន់ទី៣ ចុះទៅជាន់ទី១ ហើយដាក់ក្នុងកញ្ចប់ផ្ទុកសាកសព។

ម៉ោង០០៖៣៩ ដល់ ០១៖១០នាទីរំលងអធ្រាត្រ - ក្រុម SEAL Team Six បានស្វែងរកនិងប្រមូលយកវត្ថុតាងជាច្រើន ចេញពីទីតាំងលាក់ខ្លួនរបស់បិនឡាដិន រួមមាន Hard drive កុំព្យូរទ័រចំនួន១០, កុំព្យូរទ័រ៥គ្រឿង, និងឧបករណ៍ស្តុកទិន្នន័យជាង១០០ដុំ ព្រមទាំងសៀវភៅ កំណត់ហេតុរបស់ បិនឡាដិន ផ្ទាល់។

ម៉ោង០១៖០៥នាទីរំលងអធ្រាត្រ - ឧទ្ធម្ភាគចក្រទី១ បាននាំយកសមាជិក SEAL Team Six មួយចំនួន ព្រមទាំងសពបិនឡាដិន និងវត្ថុតាង ចេញពីទីតាំងនោះ។

ម៉ោង០១៖០៨នាទីរំលងអធ្រាត្រ - សមាជិក SEAL Team Six បានកម្ទេចឧទ្ធម្ភាគចក្រដែលធ្លាក់។

ម៉ោង០១៖១០នាទីរំលងអធ្រាត្រ - ឧទ្ធម្ភាគចក្របម្រុង បាននាំយកសមាជិក SEAL Team Six ដែលនៅសេសសល់ ចាកចេញពីតំបន់នោះ។

ម៉ោង០២៖៥៣នាទីរំលងអធ្រាត្រ - ឧទ្ធម្ភាគចក្រ និងក្រុម SEAL Team Six បានត្រឡប់ទៅដល់អាហ្វហ្គានីស្ថាន។

ម៉ោង០៤៖០១នាទីទាបភ្លឺ - លោក អូបាម៉ា ទទួលបានព័ត៌មានបន្ថែមទៀតថា សាកសពនោះទំនងច្បាស់ជាសពរបស់ បិនឡាដិន។

ម៉ោង០៨៖៣៥នាទីព្រឹក - លោក អូបាម៉ា ចេញធ្វើការថ្លែងសារប្រាប់ទៅកាន់ប្រជាជាតិអាមេរិក អំពីប្រតិបត្តិការ Neptune Spear។

ម៉ោង០៩៖៥៩នាទីព្រឹក - សាកសព អូសាម៉ា បិនឡាដិន ត្រូវបានយកទៅបោះចោលក្នុងសមុទ្រ។

មួយថ្ងៃក្រោយមក លទ្ធផលធ្វើតេស្ត DNA បានបង្ហាញថា សាកសពនោះ១០០ភាគរយពិតជា អូសាម៉ា បិនឡាដិន។

* លទ្ធផលក្រោយការស្លាប់នៃមេភេរវកររូបនេះ

ការធ្វើឃាត អូសាម៉ា បិនឡាដិន គឺជាជោគជ័យយ៉ាងធំធេងមួយ សម្រាប់រដ្ឋាភិបាលអាមេរិក និងប្រជាជនអាមេរិកទាំងមូល។ ជាពិសេស សម្រាប់ក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះ ក្នុងហេតុការណ៍មហាភេរវកម្ម «១១/កញ្ញា» ការស្លាប់របស់ បិនឡាដិន គឺតំណាងឲ្យភាពយុត្តិធម៌ចំពោះពួកគេ។ ការវាយប្រហារភេរវកម្មនោះ បានផ្តាច់ជីវិតមនុស្សប្រមាណ៣ពាន់នាក់ ដែលជាភេរវកម្មដ៏អាក្រក់បំផុតនៅលើទឹកដីអាមេរិក។

គួរជម្រាបថា អូសាម៉ា បិនឡាដិន មិនត្រឹមជាតួអង្គដ៏សំខាន់នៅក្នុងក្រុមភេរវករអាល់កៃដាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុគ្គលដែលជំរុញឲ្យមាន ការគាំទ្រនិងការកេណ្ឌសមាជិកភេវរករយ៉ាងសស្រាក់សស្រាំ នៅជុំវិញពិភពលោកថែមទៀតផង។ ទាក់ទងនឹងប្រតិបត្តិកម្មចំពោះការលបធ្វើឃាត បិនឡាដិន នៅលើទឹកដីប៉ាគីស្ថាននេះ គឺមានប្រទេសខ្លះគាំទ្រ និងខ្លះទៀតមិនគាំទ្រនោះឡើយ។ ប្រទេសអារ៉ាប់មួយចំនួន និង ជាពិសេសនោះគឺប៉ាគីស្ថានតែម្តង បានថ្កោលទោសទង្វើរបស់សហរដ្ឋអាមេរិក ព្រោះអាមេរិកបានប្រើឧទ្ធម្ភាគចក្របំបាយកាយ ដើម្បីបញ្ចូនកងកម្លាំងពិសេសខ្លួនឲ្យទៅសម្លាប់ បិនឡាដិន ដោយពុំមានការសុំអនុញ្ញាតពីខាងប៉ាគីស្ថានជាមុនឡើយ៕