(ភ្នំពេញ)៖ ក្លិបបាល់ទាត់សៀមរាបយូណាយធីត បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយដោយសម្រេចតែងតាំងលោក Scott O’Donell អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នមានតួនាទីជាក្រូឧទ្ទេសរបស់ FIFA ផងនោះ ធ្វើជាទីប្រឹក្សា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា។

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ខាងលើ ត្រូវបានក្លិបពាក់កណ្ដាលអាជីពនេះ ប្រកាសនាល្ងាចថ្ងៃពុធនេះថា «ក្លិបសៀមរាប យូណាយធីត មានកិត្តិយសសូមជម្រាបជូនជាដំណឹងដល់មហាជន អំពីការតែងតាំងលោក Scott O'Donell អតីតគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជាគ្រូឧទ្ទេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ចាប់ពីពេលនេះតទៅជាក្នុងតំណែងជាទីប្រឹក្សារបស់ក្លិប»។

ក្លិបមានកីឡដ្ឋាន SRU Stadium ជាមូលដ្ឋាននៅខេត្តសៀមរាបនេះបន្ថែមថា «សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកប្រទេសកម្ពុជាសាជាថ្មីរបស់លោក ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបាល់ទាត់តទៅអនាគតជាមួយពួកយើង»។

សូមរំឮកថា បុរសជនជាតិអូស្ដ្រាលីខាងលើ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ២លើក ដោយលើកទី១ នៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ និងលើកទី២ ដឹកនាំចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១០។ អ្វីដែលចងចាំមិនភ្លេច គឺលោក Scott O’Donnell ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ឈ្នះពានមិត្តភាពអន្ដរជាតិ BIDC Cup ទៀតផង៕