(ភ្នំពេញ)៖ ពាក្យចាស់តែងពោលថា «ចាននៅក្នុងរៀវ លែងអីនឹងប៉ះទង្គិចគ្នា!»។ យ៉ាងណាមិញជីវិត​ប្ដីប្រពន្ធ ពេលបានជួបរួមរស់ ចាប់ដៃកសាងដំណើរជីវិតថ្មីជាមួយគ្នា លែងអីនឹងមានភាពល្អក់កករ ខ្វែងគំនិតគ្នា ជាក់ជាមិនខាន ប៉ុន្តែបញ្ហាទាំងនេះស្ថិតនៅត្រង់ថា ភាគីទាំងពីរត្រូវចេះអត់ធ្មត់សង្កត់ចិត្ត និងដោះស្រាយដោយសន្តិវិធី ដើម្បីថែរក្សាសេចក្ដីសុខទៅថ្ងៃអនាគត ដោយមិនយកកំហឹងទល់នឹងកំហល់។ ជាការពិត ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង និងតារាសម្ដែង ម៉ូលីកា កន្លងមកក៏ធ្លាប់ជួបប្រទះ នូវភាពប្រេះឆារកាំរកូសជាច្រើនដងដែរ ប៉ុន្តែពួកគេទាំងពីរបានជ្រើសយក ដំណោះស្រាយអត់ធ្មត់ និងការយោគយល់គ្នាខ្ពស់ ដើម្បីបន្តដំណើរជីវិតគូជាមួយគ្នា ហើយរហូតមកដល់ពេលនេះ ពួកគេទទួលបានតំណក់ឈាមរួមគ្នា កូនស្រីជាទីស្រឡាញ់​ម្នាក់ហើយ។

​អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានសម្រាលកូនស្រី ដោយជោគជ័យនៅមន្ទីពហុព្យាបាល និងសម្ភពអរៀនដា ​ហើយនាងបានដាក់ឈ្មោះកូនថា «នុន ច័ន្ទម៉ូនីតា» ដែលសម្រាលភ្លាមទារកមានទម្ងន់ ៣,៥គ.ក។​ ការទទួលបានកូនស្រីនេះ ជាបំណងរបស់ ម៉ូលីកា និងស្វាមី ហេតុនេះហើយពួកគេទាំង២ ពិតជារំភើបចិត្តខ្លាំងណាស់ ចំពោះកាដូដែលមិនអាចកាត់ថ្លៃបាននេះ ខណៈដែលមុនសម្រាល ម៉ូលីកា ត្រូវបានស្វាមីរៀបចំតុ​ក្កតា​, ប៉ឺតប៉ោង នៅជុំវិញគ្រែសម្រាលតែម្ដង ដើម្បីស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។

ម៉ូនីកា បានថ្លែងប្រាប់ Fresh News Plus ពីមន្ទីរពេទ្យមកថា រូបនាង និងស្វាមី ពិជារីករាយណាស់ ដែលបំណងប្រាថ្នាចង់បានកូនស្រីរបស់នាង បានសម្រេច។ ពេលនេះរូបនាង និងកូនមានសុខភាពល្អធម្មតា ដោយកំពុងតែយកចិត្តទុកដាក់ពិនិត្យ និងមើលថែ​យ៉ាងល្អ​ពីសំណាក់ក្រុមគ្រូពេទ្យ និងស្វាមីរបស់នាងផងដែរ។ មូលីកា ក៏សូមអរគុណដល់អ្នកគាំទ្រ ដែលបានផ្ញើសារសួរសុខទុក និងជូនបរដល់រូបនាង។

យ៉ាងណាមិញ មានសារជាច្រើននៅលើបណ្ដាញសង្គម ត្រូវបានអ្នកគាំទ្រ ម៉ូលីកា ផ្ញើរទៅចូលរួមអរបអរសាទរនាងជាបន្ដ​បន្ទាប់ ស្របពេលដែលស្វាមីរបស់នាងលោក ឆានុន បានបង្ហាញកាយវិការស្រឡាញ់ និងថ្នាក់ថ្នមភរិយា និងកូនស្រីយ៉ាងខ្លាំង​ ដែលនេះអាចបញ្ជាក់​បានថា ក្រោយទទួលបានកាដូកូនស្រី១យ៉ាង Cute នេះ ចំណងស្នេហាតារា១គូនេះ កាន់តែមានភាពរឹងមាំថែមទៀតជាមិនខាន ថ្វីត្បិតតែកន្លងមកពួកគេ ធ្លាប់ប៉ះព្យុះភ្លៀងខ្លះៗក្ដី នៅក្នុងគ្រួសារ។

​សូមបញ្ជាក់ថា ម៉ូលីកា ​​បានរៀបការជាមួយតារាសម្ដែង ហុង មានុន ហៅឆានុន កាលពីថ្ងៃទី១៨ខែមករា ឆ្នាំ២០២០ បន្ទាប់ពីពួកគេស្រលាញ់គ្នាជាង៣ឆ្នាំ និងមានប្រវត្តិតស៊ូជាមួយគ្នាជាច្រើន។ នៅថ្ងៃរៀបការលោក ឆានុន បានឲ្យដឹងថា លោកចង់បានកូន៣នាក់ ហេតុនេះហើយពួកគេត្រូវរៀបគម្រោងយកហោចណាស់ ក៏យកកូនឲ្យបាន២ថែមទៀតដែរ។ គេកត់សម្គាល់ថា គូស្នេហ៍តារា១គូនេះចាប់តាំងពីចាប់ដៃគ្នា មកពួកគេមានជីវភាពធូរធា ដូចជាការទិញបានផ្ទះទ្រនំស្នេហ៍ និងរថយន្ដទំនើបៗជិះ តាមក្ដីប្រាថ្នារបស់ពួកគេ។ ការប្រែក្លាយជីវភាពយ៉ាងឆាប់រហ័សនេះ ដោយសារតែ ម៉ូលីកា ជោគជ័យអាជីព Online ហើយពេលនេះ នាងផ្អាកការច្រៀងសម្ដែងតាមឆាក ដោយគ្មានពេលកំណត់ បើទោះជាអះអាងថា នៅតែស្រឡាញ់អាជីពចម្រៀងក្ដី៕