(ដាណឺម៉ាក)៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង Copenhagen Half Marathon ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនាប្រទេសដាណឺម៉ាក ត្រូវបានលុបចោលវិញ ដោយសារភ័យខ្លាចពីជំងឺ Covid-19។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

គណកម្មាធិការរៀបចំកម្មវិធីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នាឆ្នាំនេះ នៅទីក្រុង Copenhagen ត្រូវលុបចោលវិញ ដោយសារតែស្ថានភាពធ្ងន់ធ្ងរនៃការរីករាលដាលពីវីរ៉ុស COVID-19»។

ចាប់តាំងពីចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៥ មក ព្រឹត្តិការណ៍នេះបានក្លាយជាយុទ្ធនាការកីឡា ដ៏សំខាន់មួយនៅក្នុងប្រតិទិនកីឡាអន្តរជាតិ ដោយបានទាក់ទាញអ្នកចូលរួមប្រមាណ២៥,០០០នាក់នៅក្នុងឆ្នាំ២០១៩។

អ្នករៀបចំកម្មវិធីបាននឹងកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ដើម្បីរៀបចំគម្រោងព្រឹត្តិការណ៍រត់ប្រណាំង នៅក្នុងឆ្នាំ២០២១ ខាងមុខវិញ ដោយតាមការគ្រោងទុក នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែកញ្ញា៕