(អាមេរិក)៖ លោក Hans Vestberg នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទដ៏ធំរបស់អាមេរិក Verizon លើកឡើងនូវហេតុផលមួយ ចំនួនដែល នាំ ឱ្យ លោកសម្រេចចិត្តបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម Facebook និង Instagram។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មូលហេតុធំចម្បងដែលនាំឱ្យ Verizon ដក ការ ផ្សាយពាណិជ្ជកម្មចេញពី Facebook ដោយសារតែក្រុមហ៊ុនបានពិនិត្យឃើញថា មាតិកាដែល Facebook បង្ហាញនៅជាប់ជាមួយនឹងផ្ទាំង ពាណិជ្ជកម្ម របស់ខ្លួនគឺមុនអនុលោមទៅតាមកិច្ចព្រមព្រៀងស្ដង់ដារ។

លោក Hans Vestberg បានបញ្ជាក់ថា ក្រុមហ៊ុន Facebook មិនបានពិនិត្យឱ្យបានច្បាស់ទៅលើមាតិកា មុននឹងដាក់ ការផ្សាយពាណិជ្ជកម្ម របស់ អតិថិជនចូល ផ្ទុយទៅវិញបានធ្វើឱ្យប្រជាប្រិយភាពរបស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មបានធ្លាក់ចុះទៅតាមមាតិកាដែលគ្មានប្រយោជន៍ទាំងនោះ ទៅ វិញ។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Verizon បានចំណាយ ២៣លានដុល្លារអាមេរិក ក្នុងការពាណិជ្ជកម្មជាមួយ Facebook ពោលគឺជា ក្រុមហ៊ុនសហរដ្ឋអាមេរិកទី៨៨ ដែល ចំណាយលុយច្រើនជាងគេបំផុតសម្រាប់ការផ្សាយពាណិជ្ជកម្មនៅលើ Facebook។

នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមទៀតថា យើងអាចនឹងបន្តការផ្សាយពាណិជ្ជកម្មឡើងវិញ នៅពេលដែល Facebook ធ្វើឱ្យយើងមាន «ទំនុកចិត្ត»។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនធំៗជាច្រើបានដកការផ្សាយពាណិជ្ជកម្មចេញពី Facebook ដូចជា Coca-Cola, Starbucks និង Uniliver ជាដើម៕