(បរទេស)៖ ជារឿយៗយើងតែងឃើញមានការប្រើប្រាស់ពាក្យថា «ប្រទេសលោកទី៣ (Third World)» សម្រាប់សំដៅទៅលើប្រទេសនានាដែលក្រីក្រ ឬកំពុងស្ថិតក្រោមការអភិវឌ្ឍ។ ផ្ទុយគ្នាវិញប្រទេសអភិវឌ្ឍន៍ដែលមានៗដូចជា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅតំបន់ អឺរ៉ុបខាងលិច ត្រូវគេប្រើពាក្យមួយទៀត ដើម្បីសំដៅទៅលើគឺ «ប្រទេសលោកទី១ (First World)»។ តើការបែងចែកភាពខុសគ្នានេះកើតចេញមកពីណា ហើយហេតុអ្វីយើងមិនសូវឃើញ មិនសូវលឺការប្រើប្រាស់ពាក្យ «ប្រទេសលោកទី២ (Second World)»។

ពាក្យទាំង៣ខាងលើនេះ បានលេចឡើងដំបូងបំផុត កាលពីខ្ទង់ពាក់កណ្តាលសតវត្សរ៍ទី២០ ក្នុងន័យជាមធ្យោបាយ ដើម្បីសម្គាល់ទៅលើភាគីនីមួយៗនៃសម័យសង្រ្គាមត្រជាក់។ ក្រុមប្រវត្តិវិទូភាគច្រើនអះអាងថា អ្នកជំនាញផ្នែកប្រជាសាស្រ្តជនជាតិបារាំងឈ្មោះ អាល់ហ្រ្វិដ សូវី (Alfred Sauvy) គឺជាអ្នកដែលបានបង្កើតពាក្យទាំងនេះក្នុងឆ្នាំ១៩៥២ តាមរយៈអត្ថបទមួយមានចំណងជើងថា «លោក៣ ភពតែមួយ (Three Worlds, One Planet)»

ក្នុងអត្ថបទខាងលើ ក្រុមប្រទេសលោកទី១ (First World) គឺសំដៅលើពួកសេរី រួមមានសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តមូលធនរបស់ខ្លួន ដែលស្ថិតនៅអឺរ៉ុបខាងលិច ព្រមទាំងជប៉ុននិងអូស្រ្តាលី។ រីឯសមាសភាពក្រុមប្រទេសលោកទី២ (Second World) គឺពួកកុម្មុយនិស្ត រួមមាន សហភាពសូវៀត និងប្រទេសរណបរបស់ខ្លួននៅអឺរ៉ុបប៉ែកខាងកើត។ ចំណែកក្រុមប្រទេសលោកទី៣ (Third World) វិញ គឺរាប់បញ្ចូលនូវ ប្រទេសទាំងឡាយដទៃទៀត ដែលប្រកាន់ជំហរមិននៅខាងណាមួយឡើយនៃភាគីទាំងពីរនេះ។ ក្រុមប្រទេសលោកទី៣ ភាគច្រើនជាអតីតអាណានិគមរបស់អឺរ៉ុប ដែលមានស្ថានភាពក្រីក្រ នៅអាហ្រ្វិក មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាស៉ី។

គួរជម្រាបថា ទោះបីជាសង្រ្គាមត្រជាក់ បានបញ្ចប់ទៅជាយូរណាស់មកហើយក៏ដោយ ពាក្យ First World និង Third World នៅតែបន្តមាន ការប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន លើកលែងតែពាក្យ Second World។ សព្វថ្ងៃនេះប្រទេសលោកខាងលិច ដែលមានសេដ្ឋកិច្ចខ្លាំងៗ ពេលខ្លះនៅតែត្រូវគេសំដៅទៅលើថា «First World» ដដែល ប៉ុន្តែពាក្យ «Second World» គឺលែងមានអ្នកប្រើប្រាស់តទៅទៀតហើយ ក្រោយការដួលរលំនៃសហភាពសូវៀត។ រីឯពាក្យ «Third World» ក៏នៅតែមាននិយមប្រើដែរ ប៉ុន្តែអត្ថន័យវា បានប្រែពី «ក្រុមប្រទេសដែលមិនឈរនៅខាងណាមួយ» ទៅជា «ក្រុមប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍» តែម្តង៕