(វ៉លលីងថុន)៖ រដ្ឋាភិបាលប្រទេសណូវែលសេឡង់ បានប្រកាសនាថ្ងៃទី៧ ខែកក្កដាថា នឹងចំណាយទឹកប្រាក់ប្រមាណ ១៧៤លានដុល្លារអាមេរិក ក្នុងការជួយទប់ទល់ទៅលើការខាតបង់ផ្នែកហិរញ្ញវត្ថុនៃឧស្សាហកម្មកីឡាក្នុងស្រុកដោយសារជួបវិបត្តិនៃជំងឺឆ្លង COVID-19 នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។

លោក Grant Robertson រដ្ឋមន្រ្តីកីឡារបស់ប្រទេសណូវែលសេឡង់បានថ្លែងថា «គ្រប់វិស័យនានាបានរងផលប៉ះពាល់ដោយសារ COVID-19 ក្នុងនោះសម្រាប់ទឹកប្រាក់ប្រមាណ ៥២លានដុល្លារដំបូងនឹងត្រូវប្រគល់ទៅប្រើការ ដើម្បីជំរុញសហគមន៍កីឡាឲ្យដំណើការឡើងវិញនៃការប្រកួតលីគក្នុងស្រុក និងបន្ថែមការកែប្រែជាថ្មីនៅទីតាំងសម្រាប់ព្រឹត្តិការណ៍លក្ខណៈអន្តរជាតិនានាទៀត»

ទឹកប្រាក់ចំនួន ៤.៧៧លានដុល្លារទៀត នឹងត្រូវត្រៀមទុកសម្រាប់កែលំអរគ្រឿងបរិក្ខារនៅទីតាំងកន្លែងដែលគ្រោងការប្រកួតកីឡា Cricket និង Rugby ដែលណូវែលសេឡង់ឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២១ មុនពេលព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup 2023 ណូវែលសេឡង់ និងអូស្រ្តាលី រួមគ្នាទទួលរៀបចំ ដែលនៅសល់រយៈពេល ៣ឆ្នាំទៀតនោះ៕