(បរទេស)៖ ក្រុមហ៊ុន Facebook, Google និង Twitter បានផ្អាកការត្រួតពិនិត្យសំណើសុំទិន្នន័យអ្នកប្រើប្រាស់នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីចិនបានចេញច្បាប់ថ្មីស្ដីពីសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

ក្រុមហ៊ុន Facebook ម្ចាស់របស់ WhatsApp និង Instagram បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកការត្រួតពិនិត្យ សំណើរបស់រដ្ឋបាលហុងកុង រួមនឹង សេវាកម្មទាំងអស់នៅក្នុងទីក្រុងហុងកុង ដើម្បីរង់ចាំការវាយតម្លៃបន្ថែម ពីច្បាប់សន្តិសុខជាតិចិន។

ស្រដៀងគ្នានេះដែរ Google និង Twitter បានថ្លែងថា ខ្លួនបានធ្វើការផ្អាកការត្រួតពិនិត្យមើលសំណើទិន្នន័យអ្នកប្រើប្រាស់ពីអាជ្ញាធរហុងកុងភ្លាមៗ បន្ទាប់ពីច្បាប់សន្តិសុខជាតិចិនបានចូលជាធរមានកាលពីសប្ដាហ៍មុន។ Twitter បានបន្ថែមទៀតថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ នៃច្បាប់នេះ។

Google បានបញ្ជាក់ថា ខ្លួននឹងធ្វើការបន្តត្រួតពិនិត្យសំណើរបស់រដ្ឋបាលហុងកុងឡើងវិញ ពាក់ព័ន្ធនឹងការដក់ចេញនូវមាតិកាព័ត៌មានមួយចំនួន ដោយរង់ចាំមើលច្បាប់សន្ដិសុខជាតិចិន អនុវត្តទៅតាមគោលការណ៍បែបណា។

គួរបញ្ជាក់ផងដែរថា មានតែទីក្រុងហុងកុងទេ ដែលរដ្ឋាភិបាលចិនអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗដូចជា Facebook, Google និង Twitter អានដំណើរការបាន ប៉ុន្តែការប្រើប្រាស់មានកម្រិត៕