(ភ្នំពេញ)៖ បទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» បានក្លាយជាប្រធានបទក្តៅ​សម្រាប់សាធារណៈជនទូទៅ លើកយកមកពិភ្សាលើបណ្តាញសង្គម។ អ្នកខ្លះរិះគន់ចំពោះបទចម្រៀងមួយនេះ ព្រោះប្រកាន់ថា បង្កប់នូវគំនិតអវិជ្ជមាន រើសអើងចំពោះអ្នកព្រៃវែង ខណៈមតិផ្សេងទៀតយល់ថា បទនេះគ្រាន់តែមានអត្ថន័យ​បំផុសមិនឲ្យមានគំនិតស្អប់ ឬក៏រើសអើងអ្នកព្រៃវែងប៉ុណ្ណោះ។ តែយ៉ាងណា ទាំងអ្នកដឹកនាំសម្តែង និងអ្នកនិពន្ធទំនុកច្រៀង បានធ្វើការសុំទោសជាសាធារណៈ ដើម្បីបញ្ចប់រឿងរួចរាល់ហើយដែរ។ ត្បិតអ្វី​តួម្តាយដែលមានគំនិតអវិជ្ជមានក្នុងចម្រៀងនេះ សម្តែងដោយកញ្ញា ហេង ស្រីពេជ្រ ហាក់មិនស្បើយក្នុងឱរ៉ា ពិបាកចិត្តចំពោះការសម្តែងរបស់ខ្លួន ខណៈ​នេះក៏ចេញមកសុំទោសដល់ថ្នាក់ដឹកនាំ និងអ្នករស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ដោយលើកឡើងថា ខ្លួនជាតារាសម្តែង បើស្លូត គឺឲ្យគេអាណិត បើកាចគឺឲ្យគេស្អប់ គ្រប់យ៉ាងធ្វើតាមអ្នកដឹកនាំចង់បានប៉ុណ្ណោះ។

ថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កញ្ញា ហេង ស្រីពេជ្រ ឲ្យដឹងថា ខ្លួនមានការសោកស្តាយ និងពិបាកចិត្ត​ ដោយសង្កេតឃើញថា មានការប្រតិកម្មខ្លាំងពីបងប្អូនអ្នកព្រៃវែង ទៅលើ MV ចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា?»​ ហើយពេលនេះ គឺគ្មានអ្វីក្រៅពីការសុំការយោគយល់ នឹងសុំទោសទៅកាន់បងប្អូន អ្នកខេត្តព្រៃវែងនោះទេ។

កញ្ញា ហេង ស្រីពេជ្រ និយាយ «ចា៎អូន! បងគ្មានចេតនាណាមួយ ទៅស្អប់ខ្ពើមអ្នកព្រៃវែងនោះទេ បងមានតែស្រឡាញ់ចូលចិត្តអ្នកខាងព្រៃវែង ព្រោះជាបងប្អូនខ្មែរទាំងអស់គ្នា។ តែធ្វើម៉េច បងមានតួនាទីជាអ្នកសម្តែង គឺសម្តែងអ្វី ដែលអ្នកដឹកនាំគាត់ចង់បាន ឲ្យបងលេងកាចឲ្យដល់ ក្នុងសាច់រឿងហ្នឹង»

តួអង្គម្តាយខាងកូនស្រី ដែលប្រកាន់នូវគំនិតចាស់គំរិល ​រើសអើងទាំងអគតិ ចំពោះអ្នកខេត្តព្រៃវែង ក្នុង MV «អ្នកព្រៃវែងអាក្រក់ត្រង់ណា» កញ្ញា ហេង ស្រីពេជ្រ បន្ថែមថា «ពេលខ្លះយើងមើលឃើញខ្លួនឯង អ៊ីចឹងក៏អត់សូវសប្បាយចិត្តដែរ តែធ្វើម៉េចយើងស្រឡាញ់ការងារហ្នឹង ហើយអ្នកដឹកនាំគាត់តម្រូវឲ្យយើងលេងបែបនេះ។ តែពេលនេះឃើញអ្នកដឹកនាំ និងខាងផលិតកម្ម គាត់ចេញមុខសុំទោសជាសាធារណៈចឹងទៅ ខ្ញុំរៀងបាត់ពិបាកចិត្ត៥០ភាគរយ នៅ៥០ភាគរយ តែអត់ទាន់ ធ្វើចិត្តបានដដែលហ្នឹង...»

តារាសម្តែងដួងនេះបានលើកឡើងថា ក្នុងនាមជាតារាសម្តែង ធ្វើយ៉ាងណាសម្តែងឲ្យចូលនឹងសាច់រឿង បើជាតួស្លូត ត្រូវធ្វើឲ្យគេអាណិតស្ទើរតែស្រក់ទឹកភ្នែក បើសម្តែងជាតួកាច គឺឲ្យគេមើលទៅខឹង ឬស្អប់តែម្តង។ ទោះយ៉ាងណា ការសម្តែងក្នុង MV «អ្នកព្រៃវែងអាក្រក់ត្រង់ណា?» ត្រូវបានតួម្តាយក្នុង MV កញ្ញា ហេង ស្រីពេជ្រ ចេញមកសុំទោសដល់សាធារណៈ​ ជាពិសេសអ្នកខេត្តព្រៃវែង។ ហេង ស្រីពេជ្រ សង្ឃឹមថា ទស្សនិកជននឹងមានការយោគយល់ដល់រូបនាង ជាតារាសម្តែងក្នុង MV នេះ៕ ​