(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត ឆ្នាំ២០២០ នឹងបន្ដការប្រកួតជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃទី០៧-០៨ ខែកក្កដានេះ ដើម្បីចម្រាញ់រកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងមានសិទ្ធិចូលរួមប្រកួតពានថ្នាក់ជាតិនាពេលខាងមុខ។

ចំពោះការប្រកួតនារសៀលថ្ងៃអង្គារនេះ មាន ២គូរួមមានក្រុមជម្រើសខេត្តព្រៃវែង ត្រូវជួបក្រុមម្ចាស់ផ្ទះខេត្តកោះកុង បន្ទាប់ពីដណ្ដើមបានជ័យជម្នះក្នុងដី ៥-១ កាលពីជើងទី១ និងមួយគូទៀត គឺខេត្តកណ្ដាល ត្រូវបើកទ្វារផ្ទះសងសឹកក្រុមជម្រើសខេត្តសៀមរាប ក្រោយបរាជ័យក្រៅដី ៣-១ ក្នុងជំនួបជើងទី១កាលពីសប្ដាហ៍មុន។

ដោយឡែកនៅថ្ងៃទី០៨ ខែកក្កដាស្អែក មាន ២គូដូចគ្នា រួមមានក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវខេត្តកំពង់ស្ពឺ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះកំពង់ស្ពឺ ២-០ កាលពីជើងទី១។ ឯ ១គូទៀត គឺខេត្តកែប ត្រូវធ្វើដំណើរមកតតាំងជាមួយក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ក្រោយយកឈ្នះ ៤-៣ ក្នុងជំនួបដ៏តានតឹងកាលពីជើងទី១។

ថ្ងៃនេះគឺជាការប្រកួតកាត់សេចក្ដីជើងទី២ ហើយធ្វើការបូកសរុបលទ្ធផល ២ជើង បើសិនក្រុមណាទទួលបានជ័យជម្នះ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ហើយបេក្ខភាពទាំង ៤ក្រុមក៏នឹងទទួលបានកៅអីចូលរួមប្រកួតពានថ្នាក់ជាតិ ជាមួយក្លិបសមាជិកលីគកំពូលកម្ពុជាទាំង ១២ ផងដែរ លើកលែងក្រុមយុវជន U18 បាទី ដែលដកខ្លួនមិនចូលរួម៕