(ភ្នំពេញ)៖ គ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីបាត់បង់ធនធានកីឡាការិនីឆ្នើមម្នាក់ គឺកីឡាការិនី យ៉ុន សុគន្ធកញ្ញា ដែលបានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកស្រី ឡុង សុខេន គ្រូបង្វឹកផ្ទាល់របស់សពកញ្ញា យ៉ុន សុគន្ធកញ្ញា បានបញ្ជាក់ថា ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅម៉ោងជិត ១រសៀលម្សិលមិញ ហើយជនរងគ្រោះ បានស្នាក់នៅជាន់ទី២ តែទម្រាំដឹងមានភ្លើងឆាបឆេះពីក្រោម នាងបានថប់ដង្ហើមដោយសារផ្សែង និងកម្ដៅភ្លើងទៅហើយ ទោះបីនាងព្យាយាមរកច្រកចេញក៏ដោយ។

បន្ទាប់ពីកម្លាំងពន្លត់អគ្គិភ័យខេត្តបានចុះអន្ដរាគមន៍ ហើយដឹងថា កីឡាការិនី យ៉ុន សុគន្ធកញ្ញា ស្ថិតក្នុងផ្ទះ គេក៏បានឡើងទៅមើល ហើយឃើញនាងដេកដួលទៅហើយ។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ ក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែក្រុមគ្រួពេទ្យបានបញ្ជាក់ថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឡុង សុខេន។

លោកស្រី ឡុង សុខេន បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានកីឡាការិនីឆ្នើមរូបនេះ ព្រោះ សុគន្ធកញ្ញា គឺជាក្មេងល្អ ស្ដាប់បង្គាប់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសនាងបានជម្នះការទិតៀនរបស់មនុស្សមួយចំនួន ក្នុងនាមជាកីឡាការិនីមានមាឌធំ ដោយខំប្រឹងហាត់ រហូតដណ្ដើមបានសមិទ្ធផលល្អៗជាច្រើន ដូចជាការដណ្ដើមបានមេដាយប្រាក់ ពីព្រឹត្តិការណ៍ School Games ជូនខេត្តកំពង់ស្ពឺជាដើម។

ក្រោយទទួលបានដំណឹងមរណភាពខាងលើ លោក ប៉ាល់ ជីវ័ន្ដ ម្ចាស់មេដាយមាសពិភពលោក និងជាគ្រូបង្វឹកមួយរូប បានសម្ដែងការរន្ធត់ និងសោកស្ដាយជាពន់ពេក ព្រោះមួយរយៈដែលលោកបានស្គាល់ និងបង្ហាត់កីឡាការិនី យ៉ុន សុគន្ធកញ្ញា លោកបានមើលឃើញពីការខិតខំ និងទេពកោសល្យរបស់កីឡាការិនីវ័យ ១៧ឆ្នាំរូបនេះ។

គួរដឹងថា ពិធីបុណ្យសពកញ្ញា យ៉ុន សុគន្ធកញ្ញា កំពុងប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតភូមិឃុំកើតហេតុខាងលើ ហើយគ្រោងនឹងរៀបចំពិធីបូជា នាល្ងាចថ្ងៃទី០៦ ខែកក្កដានេះ។ ទន្ទឹមជាមួយគ្នាលោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ត្រៀមដឹកនាំប្រតិភូសហព័ន្ធទៅគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាមួយចំនួនរបស់ប្រធានសហព័ន្ធចូលបុណ្យ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពថ្ងៃនេះផងដែរ៕