(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Uber Technologies Inc បានសម្រេចចិត្តទិញយកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដ៏ធំមួយរបស់អាមេរិក Postmates Inc ក្នុងតម្លៃ ២.៦៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០។

កិច្ចព្រមព្រៀងទិញលក់នេះ នៅមិនទាន់បានប្រកាសជាផ្លូវការនោះទេ ប៉ុន្តែសារព័ត៌មាន Bloomberg បានអះអាងថា នៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន Uber នឹងប្រកាសជាផ្លូវការ ហើយបើតាមប្រភពព័ត៌មានផ្ទៃក្នុងបានឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុន Uber នឹងធ្វើការរួមបញ្ចូលគ្នានូវក្រុមហ៊ុន Uber Eats ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន និង Postmates Inc ព្រោះវាជាអាជីវកម្មប្រភេទតែមួយ ជាពិសេសក្រោយពេលរួមបញ្ចូលគ្នា Uber រំពឹងថា វានឹងទទួលបានប្រាក់ចំណូល ខ្ពស់។

សារព័ត៌មាន Reuters បានចេញផ្សាយកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន Postmates Inc កំពុងតែត្រៀមខ្លួនចូលទីផ្សារមូលបត្រភាគហ៊ុន ប៉ុន្តែ ត្រូវ បាន ផ្អាកសិន ព្រោះរង់ចាំកិច្ចព្រមពៀងទិញលក់ជាមួយ Uber ត្រូវបានបញ្ចប់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Postmates Inc ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ហើយគិតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិភាគ Second Measure បានរកឃើញថា មានអតិថិជនជាជនជាតិអាមេរិក ប្រើប្រាស់ប្រចាំថ្ងៃប្រមាណជា ៨ភាគរយ នៃប្រជាជនអាមេរិកទាំងមូល៕