(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន បានស្គាល់ពាក្យរបូតគ្រាប់បាល់លើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ ហើយ បន្ទាប់ពីប្រកួតស្មើក្រុមវិសាខា ២-២ កាលពីយប់មិញ។ ប៉ុន្ដែកីឡាករចាំទី អ៊ុំ វិចិត្រ ហាក់មិនចាប់អារម្មណ៍ការរបូតគ្រាប់បាល់លើកដំបូងនេះឡើយ ផ្ទុយទៅវិញគេបានប្រតិកម្មទៅនឹងគ្រាប់បាល់ទី២ របស់វិសាខា ដោយសម្ដែងការមិនពេញចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលឡើយ។

តាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់អតីតក្លិបជើងឯក ៦សម័យកាលនេះ អ៊ុំ វិចិត្រ បានបញ្ជាក់ថា «ចំពោះការរបូតគ្រាប់បាល់ មិនមែនជាបញ្ហាធំដុំនោះទេ ព្រោះធម្មតាអ្នកចាំទីមិនដែលគេមិនស៊ុតចូលនោះទេ»។ ពាក់ព័ន្ធនឹងគ្រាប់បាល់ទី២ របស់វិសាខាវិញ រូបគេបន្ថែមថា «ចំនុចនោះខ្ញុំក៏មិនពេញចិត្តដែរ ៩០ភាគរយគឺគាត់ (អាជ្ញាកណ្ដាល) ត្រូវពិន័យបាល់នោះឲ្យខ្ញុំ ព្រោះគេមករារាំងខ្ញុំដោយមានចេតនា មិនឲ្យខ្ញុំទៅរកបាល់ ហើយសម្រាប់កាយវិការរបស់លោកអាជ្ញាកណ្តាលក៏រៀបនឹងផ្លុំឲ្យខ្ញុំដែរ ប៉ុន្តែបែរជាមិនផ្លុំទៅវិញ ខ្ញុំពិតជាស្តាយគ្រាប់នោះមែនទែន»

យ៉ាងណាមិញអតីតអ្នកចាំទីក្លិបក្រសួងការពារជាតិរូបនេះ បានសម្ដែងការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តរួមក្រុម ដែលព្យាយាមវាយបកតាមស្មើម្ដងជាពីរដង ក្នុងជំនួបដ៏តានតឹងជាមួយវិសាខា។ វិចិត្រ ថា «ការប្រកួតម្សិលមិញនេះពួកយើងលេងដោយមានឆន្ទៈខ្ពស់ណាស់ ដូចយើងឃើញស្រាប់ហើយគេនាំមុខយើងពីរលើក ក្រុមរបស់យើងមិនចុះចាញ់នៅតែបន្តលេង ខ្ញុំគិតថាពួកគាត់មិនមែនលេងត្រឹម ១០០ភាគរយនោះទេ គឺពួកគាត់លេងពី១១០ភាគរយ ទៅ១២០ភាគរយ ពោលគឺពួកគាត់យកបេះដូងមកលេងតែម្តង»

ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ភ្នំពេញក្រោន បានរបូតកៅអីកំពូលតារាង ដោយធ្លាក់មកឈរលេខ២ និងមាន ១៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ និងស្មើ២ តាមពីក្រោយក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ២ពិន្ទុ បន្ទាប់ពីក្រុមលោក Conor Nestor បានយកឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ១០-០ ដើម្បីមាន ១៦ពិន្ទុឈរកំពូលតារាង។ រីឯវិសាខា បានធ្លាក់មកឈរលេខ៥ និងមាន ១០ពិន្ទុក្នុងដៃបណ្ដោះអាសន្ន៕