(ភ្នំពេញ)៖ ធ្លាប់តែមានអាជីពជាអ្នកលក់អនឡាយ ដែលពូកែវោហាស័ព្ទ រាយមន្តស្នេហ៍ដាក់អតិថិជន ពេលនេះកញ្ញា ហៃ ដាវីន កំពុងអន្ទងចិត្តផលិតករមិនតិចនាក់នោះទេ ទាក់ទងឲ្យធ្វើជាតារាសម្តែង ក្នុងផលិតកម្មរបស់ខ្លួន។ ដោយទេពកោសល្យពូកែសម្តែងពីកំណើត និងទឹកមុខឆ្នាស់ឆ្នើមផងនោះ ហៃ ដាវីន បានវិវត្តិន៍ខ្លួនពីអ្នកលក់ផលិតផលតាមអនឡាញ មកធ្វើជាតារាសម្តែងយ៉ាងស្ទាត់ជំនាញ ប្រៀបដូចអ្នកអាជីព និងកំពុងក្លាយជាផ្ទាំងស៊ីបរបស់ផលិតករនានា នាពេលបច្ចុប្បន្ន។

ថ្លែងតាមរយៈចូលរួមជាតារាកិត្តយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទ្សន៍ Fresh News នាពេលថ្មីៗនេះ តារាសម្ដែង ហៃ ដាវីន បានឲ្យដឹងថា ដើមកំណើតនៃការប្រឡូកក្នុងអាជីពសិល្បៈ ក៏ព្រោះតែផលិតករឃើញទេពកោសល្យនាង តាមរយៈឡាយលក់ផលិតផលតាមបណ្តាញសង្គម។ នាងថា អំឡុងពេលឡាយម្តងៗ ក្រៅពីនិយមពីផលិតផល នាងចាក់បាស់រាំ សម្តែងលេងទឹកមុខជាដើម ដើម្បីកុំឲ្យអ្នកចូលទស្សនាធុញទ្រាន់។ ម្យ៉ាងទៀត នេះជាទេពកោសល្យពីធម្មជាតិរបស់នាងទៀតផង។

ឆ្លើយឆ្លងជាមួយពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ហៃ ដាវីន បន្តថា បន្ទាប់ពីមានផលិតករចាប់អារម្មណ៍នឹងសមត្ថភាពនាងរួចមក បច្ចុប្បន្នគឺចូលរួមសម្តែងបានពីររឿងហើយ។ រឿងភាគទី១ គឺមានចំណងជើងថា «បញ្ចប់ស្នេហ៍ត្រឹមបង» របស់ស្ថាននីយទូរទស្សន៍ CTN ខណៈរឿងទី២ គឺប្រភេទរឿងអប់រំខ្លី ចំណងជើងថា «ទឹកភ្នែកស្រីស្អាត» របស់ផលិតកម្ម ស្ទឹងសែន។

ស្រីស្រស់សម្រស់ឆើតឆាយ គួរជាទីនែបនិត្យដល់កន្លង់ទាំងពួង ហៃ ដាវីន បន្ថែមថា ដោយសារតែមានទឹកមុខឆ្នាស់ឆ្នើម កែវភ្នែកមុតស្រួចពីកំណើត ផលិតករបានតម្រូវឲ្យនាង ដើរ ជាតួអង្គដណ្តើមប្តីគេ ឈ្នានីសតួឯកស្រី ជាដើម។ ជាក់ស្តែង ក្នុងរឿងទី១ គឺនាងបានដើរជាតួអង្គកាចឆ្នាស់ឆ្នើមប្រភេទនេះ។ តែយ៉ាងណា នាងក៏មានសមត្ថភាពសម្តែងជាតួអង្គស្លូតផងដែរ ដូចជារឿងទី២ ផលិតករតម្រូវឲ្យដើរតួស្លូត ទឹកភ្នែកវិញម្តង។

គួរជម្រាបថា តារាសម្ដែង ហៃ ដាវីន ជាតារាពន្លកថ្មីមួយរូប ក្នុងវិស័យសម្តែង ដែលវិវត្តន៍ចេញពីអ្នកលក់អនឡាយ។ បច្ចុប្បន្នតារាស្រីដួងនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកដឹកនាំរឿង និងផលិតករនានា។ ដាវីន បន្តថា ទោះបីជា ថ្ងៃខាងមុខការងារសិល្បៈមមាញឹកខ្លាំងក៏ដោយ ក៏មិនភ្លេចអាជីពលក់អនឡាញ ព្រោះនេះជាផ្នែកមួយ នៃឆ្នាំងបាយរបស់នាង៕

សូមទស្សនាកិច្ចសម្ភាសន៍ ដូចខាងក្រោមនេះ៖