(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង ខេម ស្ពាយបង្វេចចេញពីផលិតកម្មថោន ដែលធ្លាប់កំសត់កម្រជាមួយគ្នាជិត១០ឆ្នាំ ​ចូលមករួមរស់ជាមួយទ្រនំថ្មី ​ជាផលិកកម្មកំពុងពេញនិយមពីសាធារណៈ Galaxy Navatra, គេសង្កេតឃើញ ខេម កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ថែមទៀតពីមហាជន តាមរយៈចាប់ដៃគូជាមួយតារាស្រី តន់ ច័ន្ទសីម៉ា ដែលគ្រប់គ្នាលាន់មាត់ថា «ស្អកប៉ះស្អកមិនធម្មតា»។

ជាការកត់សម្គាល់ គ្រាន់តែចូលមកផលិតកម្ម Galaxy Navatra ភ្លាម ខេម បានចាប់ដៃគូច្រៀងជាមួយកញ្ញា តន់ ច័ន្ទសីម៉ា ភ្លែតតែម្តង ខណៈបទថ្មីដំបូងរបស់អ្នកទាំងពីរ មានចំណងជើងថា «សុំមួយពេលមក» និងបទទី២ គឺ «ការស្រឡាញ់ដែលខ្វះជាតិស្ករ» មានអ្នកចូលទស្សនាយ៉ាងច្រើនលើសលុប ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សន្ទុះនៃការគាំទ្រពីមហាជន នៅពេលនេះ ជាសញ្ញាវិជ្ជមានមួយ ចំពោះការចាប់ដៃគ្នាច្រៀងពីសំណាក់ តារាប្រុសស្រីទាំងពីរ និងទទួលបានការពេញចិត្តខ្លាំងពីបណ្តាអ្នកគាំទ្រ ព្រោះទឹកដមសំនៀងរបស់ពួកគេ ស្អកពីធម្មជាតិ​ស្រដៀងគ្នា។

បន្ថែមពីនេះ គួបផ្សំទាំងស្នាដៃតែងនិពន្ធសាច់ភ្លេង និងទំនុកច្រៀង រួមទាំងអត្ថន័យ ត្រូវនឹងសាច់រឿង អ្នកគាំទ្រមួយចំនួនធំនាពេលបច្ចុប្បន្នផងនោះ កាន់តែធ្វើឲ្យចម្រៀង របស់ ខេម និង សីម៉ា ដែលច្រៀងរួមគ្នា ទទួលបានការគាំទ្រច្រើនលើសពីការស្មាន។

សូមរីករាយស្តាប់ចម្រៀងរបស់ ខេម និងសីម៉ា ចម្រៀងរួមគ្នាដូចខាងក្រោម៖