(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លិបភ្នំពេញក្រោន បានបញ្ជាក់ធ្ងន់ៗជុំវិញជំនួបដ៏ធំប្រចាំសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា ជាមួយក្លិបបាល់ទាត់វិសាខានាល្ងាចថ្ងៃអាទិត្យស្អែកនេះ ដោយលោកអះអាងថា កាលណាប្ដូរម្ចាស់ផ្ទះថ្មី ក៏ប្ដូរសោរដែរ មិនឲ្យប្រវត្តិជាន់ដានឡើយ។

ការលើកឡើងបែបនេះ ស្របពេលភ្នំពេញក្រោន មិនទាន់ធ្លាប់ឈ្នះវិសាខាឡើយ នៅក្នុងប្រវត្តិជួបគ្នា ៤លើកនៃលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩។ យ៉ាងណាមិញ លោកនឹងទុករឿងប្រវត្តិមួយឡើយ ហើយផ្ដោតលើការរៀបចំយុទ្ធសាស្ដ្រថ្មី ដើម្បីកែប្រវត្តិនេះ និងរក្សាកៅអីកំពូលតារាងរបស់ខ្លួន។

លោកសង្កត់ធ្ងន់ថា «ដូចខ្ញុំបាននិយាយថានៅក្នុងទឹកដីរបស់យើងគឺត្រូវតែធ្វើឲ្យបានតែម្តង រឿងប្រវត្តិទុកមួយឡែក។ ដូចថាម្ចាស់ផ្ទះមុន និងម្ចាស់ផ្ទះក្រោយខុសគ្នា បើសិនណាផ្ទះហ្នឹងគេលក់ហើយ ម្ចាស់ផ្ទះក្រោយទៅ គឺត្រូវប្តូរសោរ ដើម្បីកុំឲ្យមានប្រវត្តិជាន់ដាន។ ទោះយ៉ាងណាត្រូវធ្វើឲ្យល្អប្រសើរ ដើម្បីទី១ គឺកិត្តិនាមក្នុងការរក្សាចំណាត់ថ្នាក់លេខ១ និងទី២ ដើម្បីពង្រឹង និងពង្រីកស្មារតីរបស់កីឡាករយើងដើម្បីលត់ដំការអភិវឌ្ឍន៍ខ្លួននៅក្នុង MCL រហូតដល់ចប់ជុំទី១»

អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញរូបនេះ បន្ដថា «យើងគិតថាការរៀបចំរបស់ក្រុមទាំងពីរនៅថ្ងៃទី៥ ខែកក្កដា គឺប្រហាក់ប្រហែលគ្នា ទាំងរចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ កីឡាករ និងធនធានមនុស្សតាំងពីអ្វីដែលយើងមាន។ យើងត្រូវគិតថាកាលណាគេរៀបចំល្អ យើងក៏ត្រូវរៀបចំល្អ បើសិនគេស្រេកឃ្លានការឈ្នះ យើងក៏ស្រេកឃ្លានការឈ្នះដូចគ្នា។ ដូចខ្ញុំបាននិយាយថា នៅក្នុងទឹកដីរបស់យើង គឺត្រូវតែធ្វើឲ្យបានតែម្តង រឿងប្រវត្តិទុកមួយឡែក»

គួរដឹងថា ជំនួបដ៏កក្រើកនេះ នឹងប្រកួតនាវេលាម៉ោង ៦ល្ងាចស្អែកនេះ នៅកីឡដ្ឋាន RSN ប៉ុន្ដែមិនអនុញ្ញាតឲ្យមានការចូលទស្សនាផ្ទាល់នោះទេ ពោលគឺមានតែមន្ដ្រីបច្ចេកទេស កីឡាករ គ្រូបង្វឹក និងភាគីពាក់ព័ន្ធក្រោម ១០០នាក់ប៉ុណ្ណោះ ដែលមានវត្តមានលើទីលាន។ មុនលីគផ្អាកការប្រកួត ភ្នំពេញក្រោនបានឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុស្មើក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ខណៈវិសាខាឈរលេខ៣ និងមាន ៩ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួត ឈ្នះ៣ និងចាញ់២៕