(ភ្នំពេញ)៖ ព្រោះតែមានចិត្តស្រឡាញ់វិស័យសិល្បៈ និងចង់លើកស្ទួយវិស័យចម្រៀងខ្មែរផងនោះ លោក ដួង អក្ខរា ដែលត្រូវបានគេស្គាល់ថា ជាអគ្គនាយក ក្រុមហ៊ុនលក់គ្រឿងសង្ហារឹម បានឆ្លៀតពេលមកផលិតទចម្រៀងផ្ទាល់ខ្លួន ក៏ដូចជាច្រៀង Cover ដើម្បីទុកជាអនុស្សាវរីយ៍ និង កំដរអារម្មណ៍ដល់មហាជន អ្នកគាំទ្រ។ មានចម្រៀងជាបន្តបន្ទាប់ ជាទឹកដមសំនៀងរបស់លោក ដួង អក្ខរា ត្រូវបានបញ្ចេញជាបន្តបន្ទាប់ នៅក្នុងផលិតកម្ម Zone ខណៈថ្មីៗនេះ ទើបតែបញ្ចេញមួយបទទៀត ក្រោមចំណងជើងថា «ឈប់ធ្វើបាបខ្លួនឯងទៅ»។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ លោក ដួង អក្ខរា ម្ចាស់បទ «ឈប់ធ្វើបាបខ្លួនឯងទៅ» បានឲ្យដឹងថា ដោយសារមាននិស្ស័យ និងទឹកចិត្តស្រឡាញ់វិស័យសិល្បៈតាំងពីកំណើត ទោះបីជាមានការមមាញឹក នឹងមុខជំនួញយ៉ាងណាក៏ដោយ ក៏លោកត្រូវងាកមកផលិតបទចម្រៀងដែរ ព្រោះនេះជាបំណងប្រាថ្នាមួយផ្នែកក្នុងជីវិតរបស់លោក។ បច្ចុប្បន្ន លោកមានស្នាដៃចម្រៀង ៥ទៅ៦ បទហើយ ជាបទ Original Song ដែលថៅកែ ក្រុមហ៊ុនគ្រឿងសង្ហារឹមរូបនេះ បានផលិតឡើងនៅក្នុងផលិតកម្ម Zone។

ងាកមកបទថ្មី ទើបនឹងបញ្ចេញក្រោមចំណងជើងថា «ឈប់ធ្វើបាបខ្លួនឯងទៅ» នេះវិញ គឺលោក ដួង អក្ខរា បកស្រាយយ៉ាងពីរោះរណ្ដំ ធ្វើឲ្យទស្សនិកជនដែលបានស្តាប់បទនេះហើយ ស្ទើរស្លុងអារម្មណ៍តាមបទចម្រៀងតែម្តង។ បន្ថែមពីនេះ សម្រាប់ MV វិញ គឺបានថតនៅតំបន់ទេសចរណ៍មួយកន្លែង ឈ្មោះថា «អន្លង់ភ្ញៀវ» ក្នុងទឹកដីខេត្តតាកែវ នៃនៅប្រទេសកម្ពុជា ដែលមានទេសភាពធម្មជាតិ ខៀវស្រងាត់ មើលហើយត្រជាក់ភ្នែក ស្រស់ស្រាយតែម្តង។

លោក ដួង អក្ខរា បានបន្ថែមថា តាមពិតទៅកន្លងមក លោកក៏ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈដែរ កាលពីអំឡុងឆ្នាំ ២០១៣-២០១៤។ ប៉ុន្តែដោយសារតែមានមុខជំនួញផ្ទាល់ខ្លួន ទើបត្រូវ ផ្អាកមួយរយៈសិន ដើម្បីពង្រឹង និងដំណើរការរលូន លើការងាររកស៊ី។ រហូតមកទល់នឹងបច្ចុប្បន្ន ទើបលោកសម្រេចចាប់ផ្តើមផលិតបទចម្រៀងឡើងវិញ ទាំងបទ Cover និងបទ Original ផ្ទាល់ខ្លួន។

ជាការកត់សម្គាល់ បើកសំឡឹងទៅមើលជីវិតអតីតកាលរបស់លោក ដួង អក្ខរា គឺលោកមានភាពតស៊ូយ៉ាងខ្លាំង ខិតខំរកស៊ីតាំងពីបាតដៃទទេ ជាពិសេសបង្កើតក្រុមហ៊ុនរកស៊ី តាំងពីចំណុចសូន្យមានប្រាក់តិចតួច រហូតល្បីល្បាញ ក្នុងវិស័យអ្នកជំនួញដូចបច្ចុប្បន្ន ដែលលោកបានហៅ និងដាក់រហស្សនាមឲ្យខ្លួនឯងថា «Zero to Hero»។ ដោយឡែកការបោះទុន សហការផលិត បទចម្រៀងក្នុងផលិតកម្ម Zone ដោយគ្មានការស្ទាក់ស្ទើរនៅពេលនេះ គឺដោយសារតែមានការណែនាំពីម្ចាស់ផលិតកម្ម ស្របពេលដែលលោកមានទឹកចិត្តចង់ពង្រឹង វិស័យចម្រៀងផងនោះ ទើបកើតជាសមិទ្ធផលបន្តបន្ទាប់ដូចពេលនេះ។

សូមបញ្ជាក់ថា លោក ដួង អក្ខរា ជាអគ្គនាយក នៃក្រុមហ៊ុន អេស.អេ គ្រឿងសង្ហារឹម ដែលកែច្នៃពីឈើកិន ឈើគៀប ឈើចំហ៊ុយ ខណៈបច្ចុប្បន្ននេះកំពុងទទួលបានការ ចាប់អារម្មណ៍ ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និង ក្រៅស្រុក ស្របពេលដែលឈើប្រណិត កំពុងតែខ្សត់ខ្សោយ និងមានតម្លៃថ្លៃ៕