(អឺរ៉ុប)៖ គណៈកម្មការអឺរ៉ុបនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា បានបោះជំហានដើម្បីពន្លឿនការដាក់ពង្រាយប្រព័ន្ធសេវាល្បឿនលឿនជំនាន់ថ្មី 5G នៅសហភាពអឺរ៉ុប តាមរយៈការកំណត់នូវក្បួនច្បាប់សម្រាប់បណ្តាញអង់តែនតូច ដែលជាគន្លឹះសំខាន់សម្រាប់ការពង្រីកទំហំទិន្នន័យ និង​វិសាលភាពសេវា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

លោក ធឺរី ប្រេតុង (Thierry Breton) ដែលជាឧត្តមស្នងការវិស័យឧស្សាហកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា បណ្តាញសេវាឥតខ្សែ 5G តំណាងឲ្យសសរស្តម្ភនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់តំបន់អឺរ៉ុប ដោយសារវានឹងអនុញ្ញាតឲ្យមានវឌ្ឍនភាពកាន់តែខ្លាំង នៅក្នុង​​​​​ផ្នែកថែទាំសុខភាព ថាមពល ដឹកជញ្ជូន អប់រំ និងវិស័យជាច្រើនផ្សេងទៀត។

គណៈកម្មការអឺរ៉ុបបានចេញនូវក្បួនច្បាប់ ដែលកំណត់ពីលក្ខណៈរូបវន្តនិងបច្ចេកទេសនៃអង់តែន 5G តូចៗ រួមមានដូចជាការដាក់កំហិតកុំ​ឲ្យពួកវាអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព ការកំណត់លើទំហំនិងថាមពលរបស់អង់តែនទាំងនោះ ព្រមទាំងរូបរាង​របស់ពួកវាជាដើម។

គួរជម្រាបថា អង់តែនតូចៗទាំងនេះ ត្រូវគេមើលឃើញថា មានសារសំខាន់ជាខ្លាំង សម្រាប់តំបន់ទីប្រជុំជន សម្រាប់ប្រព័ន្ធដឹកជញ្ជូន និង​​រោងចក្រផលិតទំនិញ ដោយសារតែពួកវាអាចផ្ទុកទំហំទិន្នន័យបានធំគួរសម និងអាចស្ថិតជិតអតិថិជន ហើយក៏មានតម្លៃធូរថ្លៃជាងអង់តែន​ធំៗផងដែរ៕