(ហ្ស៊ូរិច)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានសម្រេចព្យួរមុខតំណែងលោក Markus Kattner ដែលជាអតីតមន្រ្តីជាន់ខ្ពស់ក្នុងអង្គភាពរយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១.០៦លានដុល្លារទៀតផង បន្ទាប់ពីជាប់ពាក់ព័ន្ធស៊ីដាច់ប្រាក់ឧបត្ថម្ភនាពេលកន្លងមក។

FIFA បានចេញសេចក្តីថ្លែងការណ៍មួយនៅក្នុងអង្គជំនុំជម្រះផ្នែកវិនិច្ឆ័យនៃគណៈកម្មាធិការសីលធម៌ឯករាជ្យដោយបានរកឃើញថា លោក Markus Kattner អតីតអគ្គលេខាធិការរងរបស់ FIFA និងជាអគ្គលេខាធិការស្តីទីនោះ មានពិរុទ្ធភាពពីទំនាស់ផលប្រយោជន៍ និងបានរំលោភតួនាទីរបស់ខ្លួនទៅលើក្រមសីលធម៌របស់ FIFA។ នេះបេីយោងតាមការចេញផ្សាយដោយ Channel News Asia នៅថ្ងៃនេះ។

ការស៊ើបអង្កេតលើលោក Kattner បានគ្របដណ្តប់លើការចោទប្រកាន់ផ្សេងៗទាក់ទង នឹងការទូទាត់ប្រាក់រង្វាន់ ទាក់ទងនឹងការប្រកួតប្រជែងរបស់ FIFA ដែលត្រូវបានបង់ទៅឲ្យថ្នាក់ដឹកនាំកំពូលរបស់ FIFA (រួមទាំងលោក Kattner)ការធ្វើវិសោធនកម្មផ្សេងៗ និងការពង្រីកកិច្ចសន្យាការងារ ការទូទាត់សំណងផ្នែកច្បាប់ឯកជន និងភារកិច្ចរបស់លោក Kattner ទៀតផង៕