(លីម៉ា)៖ ការចាប់ផ្តើមឡើងវិញ នៃលីគបាល់ទាត់កំពូល របស់ប្រទេសប៉េរូ ត្រូវបានពន្យារពេល រយៈពេលមួយសប្តាហ៍ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀត ឲ្យក្លិបបាល់ទាត់ អនុវត្តពិធីការអនាម័យ ស្របពេលមានការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ ថ្ងៃទី៣០ ខែមិថុនានេះ។

ការប្រកួតបាល់ទាត់លីគ Liga 1 Apertura ដែលត្រូវបានផ្អាក កាលពីថ្ងៃទី១២ ខែមីនានោះ នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី៧ ខែសីហាខាងមុខ, នេះបើតាមការបញ្ជាក់ពីលោក Victor Villavicencio ប្រធានលីគ បានឲ្យដឹងដូច្នេះ។ ក្រុមមន្ត្រី ដំបូងឡើយ បានសម្រេចយកថ្ងៃទី៣១ ខែកក្កដា ដើម្បីចាប់ផ្តើមការប្រកួតឡើងវិញ បន្ទាប់ពីជួបប្រជុំតាមរយៈវីដេអូខនហ្វឺរេន ជាមួយនឹងក្លិបបាល់ទាត់ កាលពីដើមខែនេះ។

លោកបន្ថែមថា ការប្រកួត នឹងត្រូវធ្វើឡើង នៅពីក្រោយនៃការបិទទ្វារ (មិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួម) ជាមួយនឹងគោលការណ៍អនាម័យ យ៉ាងតឹងរឹង។

ប៉េរូ គឺជាប្រទេសមួយ ស្ថិតក្នុងចំណោមបណ្តាប្រទេស នៅទ្វីបអាមេរិកខាងត្បូង ដែលបានរងការវាយប្រហារយ៉ាងខ្លាំងបំផុត ដោយសារវីរ៉ុស COVID-19។ ក្រសួងសុខាភិបាលប៉េរូ បានរាយការណ៍ថា មានករណីឆ្លងជាង២៨២,០០០ករណី ក្នុងនោះជាង៩,៥០០ករណីបានស្លាប់៕