(កូរ៉េ)៖ យោងតាមសារព័ត៌មាន Soompi របស់កូរ៉េខាងត្បូង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានចុះផ្សាយថា MV បទចម្រៀងថ្មីរបស់ក្រុមចម្រៀងនារី BLACKPINK ចំណងជើងថា «How You Like That» ត្រូវបានបញ្ជាក់ជាផ្លូវការដោយ Youtube ថា បានបំបែកកំណត់ត្រា ក្នុងរយៈពេល២៤ម៉ោងដំបូង មានអ្នកចូលមើលច្រើនលើសលុប រហូតដល់ទៅ ៨៦.៣ លានដង។ Youtube ក៏បានបញ្ជាក់តួលេខផ្លូវការ នូវចំនួនអ្នករង់ចាំមើលការផ្សាយផ្ទាល់ MV គឺមានចំនួនរហូតដល់ទៅ ១.៦៦ លានអ្នកឯណោះ។

BLACKPINK ក៏ត្រូវបានរាយការណ៍ថា បានបំបែកកំណត់ត្រាជាច្រើន លើបណ្តាញសង្គមធំៗ និង​ល្បីៗ ក្នុងសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ ជាផ្លូវការនៅឡើយ។

គួរជម្រាបថា ក្រុមដែលបានបំបែកកំណត់ត្រាលើ Youtube លើកមុន គឺ BTS ដោយមានចំនួនចូលមើល MV បទ «Boy With Luv» ក្នុងរយៈពេល ២៤ម៉ោងដំបូង ៧៤.៦ លានដង ខណៈអ្នករង់ចាំទស្សនាការផ្សាយផ្ទាល់ នៅលើយូធូប ចំនួន​១.៥៤ លាននាក់។ យ៉ាងណាមិញ តំណែងនេះត្រូវបានក្រុមចម្រៀងនារី BLACKPINK យកមកកាន់កាប់វិញម្តងហើយ៕