(ពិភពលោក)៖ ព្រះបរមរាជវាំងបុរាណដែលមានផ្ទៃក្រឡាធំជាងគេបំផុតនៅលើពិភពលោកនោះ មិនមែននៅឆ្ងាយពីក្រសែភ្នែករបស់មនុស្សទូទៅនោះឡើយ គ្រាន់តែថាយើងមិនសូវបានចាប់អារម្មណ៍ប៉ុណ្ណោះ ដូច្នេះហើយទើប Fresh News Plus សូមលើកយកនូវព័ត៌មានមួយចំនួន ដើម្បីបើកវាំងននបង្ហាញអំពីប្រធានបទដ៏ចាំបាច់មួយនេះ។

បើនិយាយអំពីឈ្មោះផ្លូវការនាពេលបច្ចុប្បន្នហាក់ដូចជាឆ្គងបន្តិច ប៉ុន្តែប្រសិនបើនិយាយអំពីឈ្មោះដើមវិញ គឺពិតជាមានអត្ថន័យដ៏អស្ចារ្យសម្រាប់ប្រជាជាតិម្ចាស់សម្បត្តិបេតិកភណ្ឌមួយនេះ។ ព្រះបរមរាជវាំងហាមឃាត់ ឬ Forbidden City មានឈ្មោះជាភាសាចិនថា ស្ស៉ីជិនឆឹង (Tsu Chin ch'eng) ដែលមានន័យថា ព្រះបរមរាជវាំងឥន្ទ្របុរៈ (អឹន ទ្រៈ បុ រៈ) ខណៈបច្ចុប្បន្នមានទីតាំងស្ថិតនៅកណ្ដាលរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រះបរមរាជវាំងស្ស៉ីជិនឆឹង ត្រូវបានកសាងឡើងដំបូងនៅរវាងឆ្នាំ ១៤០៦-១៤២០ ក្នុងរជ្ជកាលព្រះចៅម៉ុងហ្គោល គូប៊ីឡៃ ខាន់ (Kublai Khan) នៃសម័យរាជវង្សយ័ន (Yuan) បន្ទាប់ពីព្រះអង្គវាយត្រួតត្រាប្រទេសចិនបានជាស្ថានពរពីរាជវង្សសុង (Song) រាជវង្សជីង (Jin) និងរាជវង្សលាំង (Liao)។ ព្រះចៅគូប៊ីឡៃ ខាន់ ចេញព្រះរាជបញ្ជាឱ្យសាងសង់ព្រះរាជវាំងនេះឡើង គឺដើម្បីធ្វើជាឧទ្យានលម្ហែព្រះកាយរបស់ទ្រង់ផ្ទាល់ ដែលនៅផ្នែកខាងក្នុងមានរាងចតុកោណកែង ឡោមព័ទ្ធដោយព្រះរាជឧទ្យាន ព្រមទាំងមានកំពែងព័ទ្ធខាងក្នុង និងខាងក្រៅយ៉ាងរឹងមាំផងដែរ។

មហាស្ថាបត្យកម្មនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយចៅពញា ឡុង ជូ ក្នុងឋានៈជារាជអាមាត្យរបស់ព្រះចៅអធិរាជ គូប៊ីឡៃ ខាន់ ដែលមានវិសាលភាពលើផ្ទៃដីប្រមាណ ៧២០,០០០ ម៉ែត្រក្រឡា។

ព្រះរាជវាំងដ៏ស្កឹមស្កៃនេះមានទ្វារចូលដ៏សំខាន់មួយហៅថា «ទ្វារឋានសួគ៌» ប៉ុន្តែមុននឹងចូលដល់ទ្វារពិសិដ្ឋនេះ គឺត្រូវឆ្លងកាត់ទីលានចតុកោណដ៏ធំល្វឹងល្វើយមួយជាមុនសិន ដែលគេប្រើសម្រាប់ហ្វឹកហាត់កងទ័ព។

ក្រៅពីនេះ មានស្នាមភ្លោះជាថ្នាក់ៗ និងមានស្ពានធ្វើអំពីថ្មម៉ាបឆ្លងឆ្ពោះទៅកាន់ព្រះបរមរាជវាំងតាមទ្វារធំមួយទៀតមានឈ្មោះថា «ទ្វារមជ្ឈិម»។ បន្ទាប់មក គឺមានទីធ្លារមុខព្រះលានឆ្លងទៅកាន់កសិន្ធុទឹកមួយទៀត ដែលមានឈ្មោះថា «កសិន្ធុមាស» ជាផ្លូវចូលទៅកាន់សាលាមន្ត្រីខាងក្នុង និងបន្ទាប់មកទៀត គឺមានព្រះទីនាំងខាងក្នុងដ៏ធំមួយ សម្រាប់ព្រះមហាក្សត្រចេញមកត្រួតព្រះរាជ្យកិច្ច។

នៅខាងក្រៅប៉ែកខាងត្បូងនៃព្រះបរមរាជវាំងស្ស៉ីជិនឆឹង ឬរាជវាំងហាមឃាត់នេះ មានទីសក្ការបូជាថ្វាយទេវតា ខណ្ឌចែកដោយកំពែង រួមទាំងវត្តអារាមធំៗជាច្រើន ដូចជា វត្តឋានសួគ៌ជាដើម ដែលមានប៉មមូលដ៏ធំអស្ចារ្យ មានដំបូលបីជាន់កម្ពស់ប្រមាណ ២៧-៤៣ ម៉ែត្រ ហើយត្រូវបានចាត់ទុកជាបូជនីយដ្ឋានប្រារព្ធពិធីសាសនាផងដែរ។

បន្ទាប់រាជវង្សយ័នរបស់ម៉ុងហ្គោលត្រូវបានផ្ដួលរំលំដោយកងទ័ពមហាម៉េង នៅឆ្នាំ១៣៦៨ រួចមក រាជវាំងស្ស៉ីជិនឆឹង និងទីក្រុងប៉េកាំបានក្លាយជារាជធានីរបស់រាជវង្សម៉េង (១៣៦៨-១៦៤៤) និងបន្តមកដល់រាជវង្សឆេង (១៦៤៤-១៩១២)។

សូមជម្រាបថា ព្រះបរមរាជវាំងស្ស៉ីជិនឆឹង ឬ Forbidden City ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៨៧ ហើយបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលចិនប្រែក្លាយទៅជាសារមន្ទីរជាតិដ៏ធំមួយ ដែលអាចស្រូបទាញវត្តមានភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅទស្សនាជាប់ប្រចាំ រួមចំណែកលើកស្ទួយវិស័យទេសចរណ៍របស់ចិនយ៉ាងខ្លាំងសម្បើម៕