(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានបន្ដបើកកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួន ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមដាក់ឆ្លងថ្នាក់ដឹកនាំ គឺសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចប់កិច្ចប្រជុំថា គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើ ផ្ដោតលើរបាយការណ៍ការងារ ដែលត្រៀមស្នើសុំការអនុម័យពីថ្នាក់ដឹកនាំ និងស្វែងរកនូវធាតុថ្មីៗបន្ថែម នៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ CAMSOC នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ គឺការប្រកួតកីឡាស៊ីហ្គេម លើកដំបូង នៅក្នុងប្រទេសកម្ពុជា។

អគ្គលេខាធិការខាងលើបញ្ជាក់ថា «ការងារដែលត្រៀមដាក់ឆ្លងថ្នាក់ដឹកមាំ CAMSOC នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទី១-របាយការណ៍ការងារសម្រាប់ឆមាសទី១ និងបញ្ហាមួយចំនួនពាក់ព័ន្ធគណៈកម្មការផ្សេងៗទៀត ដែលយើងបានធ្វើ និងបន្ដធ្វើទៀត។ ទី២-ស្នើសុំការអនុម័តសម្រេច LOGO, Mascot និងបាវចនាស៊ីហ្គេម។ ទី៣-ស្នើសុំកិច្ចសហការពីអាជ្ញាធររាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយស៊ីហ្គេម ធ្វើម៉េចឲ្យកាន់តែផុសផុល មានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើន។ ទី៤-ការកំណត់កាលបរិច្ឆេទរៀបចំព្រឹត្តិការណ៍កីឡាជនពិការ ASEAN Para Games លើកទី១២ បន្ទាប់ពីចប់ស៊ីហ្កេម លើកទី៣២...»

បន្ថែមលើនេះ កិច្ចប្រជុំក៏បានជជែកពីការត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រ ក៏ដូចជាការត្រៀមទទួលតំណែងម្ចាស់ផ្ទះបន្ដពីវៀតណាមផងដែរ។ ទាំងនេះ សុទ្ធតែជាការងារសំខាន់ដែលគណៈអចិន្ដ្រៃយ៍ CAMSOC បានបើកកិច្ចប្រជុំជជែកពិភាក្សាជាង ១ខែកន្លងមក ដើម្បីឈានទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់ពេលវេលាប្រមាណ ១,០៤០ថ្ងៃទៀត។ នេះបើតាមបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕