(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូល Premier League របស់អង់គ្លេសបានរកឃើញ Covid-19 ១ករណីថ្មីទៀត ពីការធ្វើតេស្តជុំចុងក្រោយ។

តាមរយ:ព័ត៌មានពីគេហទំព័រ LiveScore បានចេញផ្សាយថា លីគបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា កីឡាករ និងបុគ្គលិកក្លិបសរុបចំនួន ២,២៥០នាក់ត្រូវបានធ្វើតេស្តនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា និងរកឃើញមានតែ ១ករណីថ្មីប៉ុណ្ណោះ។

នេះមានន័យថា មានលទ្ធផលវិជ្ជមានកើនដល់ ១៩នាក់ពីការធ្វើតេស្តចំនួន ១៤,៣០៧នាក់ ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី១៧ ខែឧសភាមកម៉្លេះ។

តែយ៉ាងណា Premier League មិនបានបង្ហាញពីក្លិប ឬឈ្មោះរបស់បុគ្គលដែលត្រូវបានគេរកឃើញ Covid-19 នោះទេ។

គួរបញ្ជាក់ផងថា លីគកំពូលរបស់អង់គ្លេសបានវិលមកប្រកួតវិញចាប់ពីថ្ងៃទី១៧ ខែមិថុនា ក្រោយព្យួររយៈពេល ៣ខែដោយសារការរាតត្បាតនៃជំងឺ Covid-19។

Premier League រដូវកាលនេះ នឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា និងវគ្គផ្តាច់ព្រ័ត្រពាន FA Cup គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែសីហា៕