(អង់គ្លេស)៖ សមាគមបាល់ទាត់អង់គ្លេស (FA) នឹងកាត់បន្ថយមុខតំណែងការងារ ដែលមិនត្រូវការចាំបាច់ ចំនួន១២៤កន្លែង នៅក្នុងស្ថាប័នរបស់ខ្លួន ដោយសារតែផលប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ ព្រោះតែការររីករាលដាល នៃវីរ៉ុសឆ្លង COVID-19, នេះបើតាមឲ្យដឹងពី ស្ថាប័ន FA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៩ ខែមិថុនានេះ។

ជាមួយនឹងការផ្អាកការប្រកួតបាល់ទាត់ រយៈពេល១០០ថ្ងៃ នៅក្នុងចក្រភពអង់គ្លេស ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, កង្វះខាតប្រាក់ចំណូល ដែលទទួលមកពីការប្រកួតពានរង្វាន់ជាតិ និងអន្តរជាតិ បានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន FA ដែលស្ថាប័ននេះ បញ្ជាក់ថា ពួកគេកំពុងបាត់បង់ប្រាក់ចំណូល ប្រមាណ៣០០លានផោន។

ស្ថាប័ន FA បានឲ្យដឹងថា បុគ្គលិកចំនួន៤២កន្លែង បានទំនេររួចទៅហើយពីការងារ មុនពេលវិបត្តិ COVID-19 ខណៈពួកគេកំពុងស្នើសុំ ដកតួនាទីចំនួន៨២កន្លែង​បន្ថែមទៀត ពីស្ថាប័នកីឡាមួយនេះ។

គួរបញ្ជាក់ថា លីគបាល់ទាត់ FA Cup របស់អង់គ្លេស បានចាប់ផ្តើមឡើងវិញ កាលពីចុងសប្តាហ៍កន្លងទៅ ជាមួយនឹងការប្រកួតវគ្គ៤ក្រុមចុងក្រោយ នៅក្នុងពហុកីឡដ្ឋាន ដោយគ្មានអ្នកគាំទ្រ ជាមួយនឹងក្រុម Manchester United, Chelsea, Arsenal និងក្រុម Manchester City ឆ្ពោះទៅរកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត។

ក្រុម United និងជួបជាមួយក្រុម Chelsea ខណៈ Arsenal និងជួបជាមួយក្រុម City ដោយការប្រកួត គ្រោងនឹងធ្វើឡើង នៅពហុកីឡដ្ឋាន Wembley នៅថ្ងៃទី១៨ និងទី១៩ ខែកក្កដាខាងមុខ៕