(អាមេរិក)៖ អាល់ប៊ុមថ្មី មានចំណងជើងថា «Black is King» ជាស្នាដៃសរសេរ​ ដឹកនាំសម្តែង និងនិពន្ធដោយផ្ទាល់​ពីកំពូលតារាចម្រៀង Beyoncé នឹងដាក់បញ្ចាំងជាសាលកនៅលើ Disney Plus នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។ ការដាក់បញ្ចាំងនេះ បន្ទាប់ពីខួប១ឆ្នាំ នៃការបញ្ចាំងរឿង «The Lion King» របស់ Disney។ នេះបើតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន Fox News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ខ្សែភាពយន្តថ្មីនេះ នឹងស្រង់យកចម្រៀងចេញពីរឿង «The Lion King; The Gift» ដែលបញ្ចេញកាលពីឆ្នាំមុន ហើយមានភ្ជាប់ជាមួយរូបភាពនៃវិមាន Disney។ អាល់ប៊ុមភាពយន្ត​ដែល Beyoncé ផលិតផ្ទាល់ដៃនេះ គឺមានលក្ខណៈពិសេសជាច្រើន ដូចជារួមបញ្ចូលទាំង Childish Gambino, Kendrick Lamar, Pharrell, 070 Shake, Tierra Whack, Jay-Z, Blue Ivy Carter និង Jessie Reyez ក៏ដូចជាសិល្បករមកពីប៉ែកអាហ្វ្រិកផងដែរ ក្នុងនោះដូចជា​ Wizkid, Shatta Wale, Burna Boy, Mr Eazi, Tiwa Savage, Tekno, Yemi Alade, Busiswa និង Salatiel ជាដើម។

«Black Is King» គឺជាភាពយន្តនិយាយពី យុគសម័យដែលផ្តល់ និងបង្កើតឡើងនូវបច្ចុប្បន្នភាព ដូចជាការជួបជុំនៃវប្បធម៌ និងចែករំលែកជំនឿទៅអ្នកជំនាន់ក្រោយ។ ជាពិសេស គឺរឿងរ៉ាវអំពីអ្នកដែលបានរងទុក្ខសោកខ្លាំង ប៉ុន្តែមានទេពកោសល្យពិសេស និងអនាគតពោរពេញដោយការតាំងចិត្ត និងភាពជឿជាក់...។

គួរជម្រាបថា នាពេលថ្មីៗនេះ ក្នុងកម្មវិធី «Juneteenth» Beyoncé បានធ្វើរឿងភ្ញាក់ផ្អើលមួយ តាមរយៈទម្លាក់ចម្រៀងមួយបទចំណងជើងថា «Black Parade» សរសេរដោយ Beyoncé និងស្វាមីនាង ដែលមានអត្ថន័យផ្តល់សិទ្ធ ទៅដល់ជនជាតិស្បែកខ្មៅ និងគាំទ្រការធ្វើបាតុកម្មររបស់ក្រុម «Black Lives Matter» ទូទាំងប្រទេស ក្រោយពីការស្លាប់របស់លោក George Floyd ដែលត្រូវបានប៉ូលីសស្បែកសនៅ Minneapolis សង្កត់កសម្លាប់យ៉ាងអាសូរ៕