(អាំស្ទើដាំ)៖ កីឡាករជំនាញជើងឆ្វេង Arjen Robben បានសម្រេចចិត្តវិលចូលទីលានបាល់ទាត់វិញ ដោយលេងឲ្យក្លិប Groningen ដែលលេងក្នុងក្របខណ្ឌលីគកំពូលហូឡង់ក្នុងវ័យ ៣៦ឆ្នាំ បន្ទាប់ពីប្រកាសចូលនិវត្តន៍ទើបតែបាន ១រដូវកាលតែប៉ុណ្ណោះ។

តាមរយៈព័ត៌មានពីគេហទំព័រ LiveScore បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករខ្សែបម្រើស្លាប Robben បានសម្រេចចុះកិច្ចលេងឲ្យក្លិបក្នុងស្រុក Groningen ជាទីដែលរូបគេធ្លាប់ជាយុវជននៃក្លិបនេះ មុនឡើងមកលេងក្នុងក្រុមធំ ២រដូវកាលផងដែរនៅអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០០២។

Robben ក៏ធ្លាប់ជាអតីត លេងឲ្យក្លិបធំៗមានដូចជា PSV, Chelsea និង Real Madrid មុនផ្លាស់ទៅក្លិប Bayern Munich ក្នុងឆ្នាំ២០០៩ និងប្រកាសចូលនិវត្តន៍នៅ១០ឆ្នាំបន្ទាប់។

គួរបញ្ជាក់ផងថា សមាជិកដែលជួយក្រុមជម្រើសជាតិទឹកក្រូចហូឡង់ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup 2010 និងដណ្តើមបានលេខ៣ នៅ World Cup 2014 ផងនោះ ត្រូវបានថ្នាក់ដឹកនាំក្លិបខាងបញ្ចុះបញ្ចូលជាច្រើនលើកច្រើនសារ គិតចាប់តាំងពីរូបគេប្រកាសចូលនិវត្តន៍ពីក្លិប Bayern Munich របស់អាល្លឺម៉ង់ទើបបាន ១ខែមកម្ល៉េះ និងការគាំទ្រពីភរិយា ក៏ដូចជាក្រុមគ្រួសារផងដែរ។

Robben ដែលជាអតីតដៃគូប្រយុទ្ធដ៏មុតស្រួចជាមួយ Frank Ribery និង Robert Lewandowski ក្នុងក្លិបយក្ស Bayern Munich បានថ្លែងក្នុងសន្និសីទថា «ខ្ញុំមកនេះ ដើម្បីជួយក្លិបដែលជាអតីតផ្ទះរបស់ខ្ញុំ បើទោះបីជាខ្ញុំមិនទាន់កំណត់គោលដៅណាមួយនៅឡើយក៏ដោយ។ ខ្ញុំនឹងវិលទៅរកការប្រកួតដោយវិជ្ជមាន និងព្យាយាមធ្វើឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន»