(ភ្នំពេញ)៖ អ្នកគាំទ្រភាគច្រើនប្រហែលជាបានដឹងហើយ ជុំវិញការផ្លាស់ប្ដូររូបមន្ដថ្មី នៃការប្រកួតលីគកំពូលកម្ពុជា បន្ទាប់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានប្រកាសបន្ដការប្រកួតឡើងវិញ ដែលគ្រោងចាប់ផ្ដើមចុងសប្ដាហ៍នេះ ពោលគឺក្រោយចប់ជើងទី១ ក្រុមកំពូលទាំង៦ នឹងមានសិទ្ធិប្រកួតដណ្ដើមលេខ១ លេខ២ និងលេខ៣ នៅជើងទី២។

ជុំវិញការផ្លាស់ប្ដូររូបមន្ដថ្មីនេះ លោក គឹម ភក្ដី គ្រូបង្វឹកបណ្ដោះអាសន្នបឹងកេត បានសម្ដែងការមិនសូវយល់ស្របឡើយ ដ្បិតលោកយល់ថា ធ្វើឲ្យការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា មានការថមថយ។ លោកថា «ចំពោះលក្ខខណ្ឌនេះខ្ញុំ មិនសូវយល់ស្របប៉ុន្មានទេ ដោយសារទី១ ជាការអភិវឌ្ឍន៍បាល់ទាត់ ហើយវិស័យបាល់ទាត់យើង យើងដឹងថា យើងនៅមានការប្រកួតប្រជែងតិចតួចនៅឡើយ បើយើងប្រៀបនឹងប្រទេសជិតខាងក្នុងតំបន់ ចឹងយើងមិនគួរបន្ថយការប្រកួត ហើយបែងចែកការប្រកួតឲ្យមាន Level ខ្ពស់ Level ទាបដែលធ្វើឲ្យការប្រជែង និងអភិវឌ្ឍកីឡាករមានការថមថយ»

«អ្វីដែលរំពឹង គណៈកម្មការគួរតែរៀបចំការប្រកួត មុននឹងសម្រេច គួរតែវាយតម្លៃការអភិវឌ្ឍន៍ឲ្យបានច្បាប់ តើវាជួយដល់ការអភិវឌ្ឍន៍ទាំងអស់គ្នា ឬវាកាត់បន្ថយការអភិវឌ្ឍន៍? ចឹងវិបត្តិទទួលស្គាល់ទាំងអស់គ្នា តែការប្រកួតប្រជែងដាច់ខាតយើងត្រូវតែយល់ គួរតែអភិវឌ្ឍកីឡាករបាល់ទាត់យើងទាំងមូល ឬក៏យើងបែងចែកទៅរកផែនការអភិវឌ្ឍន៍ណាមួយ ដែលវាមិនប៉ះពាល់ដល់ការអភិវឌ្ឍន៍ជារួម។ នេះជាអ្វីដែលខ្ញុំស្នើសុំ តែទោះជាយ៉ាងណាគណៈកម្មការបានសម្រេចរួចហើយ យើងនឹងលេងដោយបែងចែកគ្នា ពីលេខ១ ដល់លេខ៦ និងលេខ៧ ដល់លេខ១៣ ហើយយើងក៏គោរពតាមគោលការណ៍នេះដែរ»។ លោក ភក្ដី បន្ថែម។

យ៉ាងណាមិញលោកបាននិយាយបែបស្នើសុំ ដាច់ខាតត្រូវគោរពគោលការណ៍ប្រកួតពិសេសគោរពក្រុមទាំងអស់ មិនថាក្រុមតូច ឬធំឡើយ ។ លោកថា «នេះជាការស្នើសុំ មុននឹងយើងសម្រេចថា បែងចែកបែបនេះ ព្រោះនៅសល់ពិភពលោក ប្រទេសជាច្រើនក៏គេលេងលីគដូចយើង តែការលេងដាច់ខាតត្រូវគោរពគោលការណ៍ការប្រកួត ពិសេសគោរពដល់ក្រុមតូចក៏ដោយ ធំក៏ដោយ មានក៏ដោយ ក្រក៏ដោយ ប៉ុន្ដែយើងគោរពគោលការណ៍ឲ្យអ្នកទាំងអស់បានអភិវឌ្ឍទាំងអស់គ្នា»

គួរបញ្ជាក់ថា ក្រោយផ្អាកការប្រកួតជាង ២ខែ ដោយសារវិបត្តិកូវីដ-១៩ លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ ប៉ុន្ដែត្រូវអនុវត្តរូបមន្ដប្រកួតថ្មី ក្នុងនោះជើងទី១ ត្រូវបន្ដការប្រកួតពីសប្ដាហ៍ទី៦ រហូតដល់សប្ដាហ៍ទី១២ធម្មតា។ តែដោយមានការព្រមព្រៀងគ្នា ចាប់ពីជើងទី២ ក្រុមកំពូលតារាងទាំង ៦ នឹងត្រូវប្រជែងគ្នាយកលេខ១ លេខ២ និងលេខ៣។ រីឯក្រុមឈរលេខ៧ ដល់លេខ១៣ នៃជើងទី១ ត្រូវបន្ដការប្រកួតជាធម្មតា។ សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្ដគ្នាដោយគិតលើពិន្ទុសរុបជើងទី១ និងផលសងគ្រាប់បាល់។ ចំណែកជើងទី២ គឺប្រើប្រព័ន្ធ Head-Head៕